រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិនសែ តាំងគួយ» រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី នាពេលថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលវបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំខាងលើនេះ ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឲ្យពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា បច្ចប្បុន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មានក្នុងពេលខ្លីខាងមុខ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ (សម្រួលដោយ៖ កន ចំណាន)