ពលរដ្ឋ៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ស្រុកមេមត់ ទទួលំណោយមនុស្សធម៍

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២០ ដោយទទួលដំណឹងថាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បោកបក់ធ្វើឲ្យផ្ទះសម្បែងខូចខាតនោះ បន្ទាប់ពីអាជ្ញាធរស្រុកមេមត់ បានទទួលការណែនាំពីអាជ្ញាធរខេត្ត ភ្លាមៗបានចាត់ឲ្យ លោកស្រី សុខ ណារិទ្ធ មេឃុំរំចេក រួមដំណើរដោយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះថ្នាក់ធម្មជាតិខ្យល់កន្រ្តាក់ចំនួន០៨គ្រួសារ ក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

នាក្នុងឱកាសសំណេះសំណាលលោកស្រីមេឃុំ បានផ្ដាំផ្ញើការណែនាំពីអាជ្ញាធរខេត្ត ស្រុក សូមឲ្យប្រជាពលរដ្ឋទាំងអស់នៅពេលមេឃជិតមានភ្លៀង ផ្គរន្ទះ ត្រូវរកកន្លែងសុវត្ថភាពជ្រក ដើម្បីកុំអោយមានគ្រោះថ្នាក់។

ជាមួយគ្នានោះលោកស្រី ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ បន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ជាពិសេសបងប្អូនដែលមកពីក្រៅប្រទេសចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យអោយបានខ្ជាប់ខ្ជួន និងត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩។

បន្ទាប់មកលោកស្រី មេឃុំ និងក្រុមការងារចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ខូចខាតផ្ទះប្រជាពលរដ្ឋ៨ខ្នង ក្នុងមួយគ្រួសារទទួលបានថវិការ១០មុឺនរៀល សារ៉ុង១ ក្រម៉ា១ អាវយឺត១ និងសាប៊ូ១ដុំ សរុបថវិកាទាំងអស់ ១,០៤០,០០០រៀល ដែលទទួលបានពីមូលនីធិសមធម៌សហគមន៏។

ជាមួយគ្នានោះ លោកស្រី មេឃុំរំចេក បានអំពាវនាវ ដល់សប្បុរសជន ឬសមាគមន៍មនុស្សធម៍ មេត្តាជួយដល់ពួកគាត់ផងដោយក្ដីអាណិតស្រឡាញ់និងដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ