សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

(ស្វាយរៀង)​៖ នៅរសៀលថ្ងៃ ពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ចំនួន ៣៩ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៤ ខ្នង មធ្យម ២០ ខ្នង និងខូចខាតស្រាល ១៥ ខ្នង ស្ថិតនៅឃុំ ក្រោលគោ គោកព្រីង និងស្វាយអង្គ ក្នុងស្រុកស្វាយជ្រំ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្ករបង្កើនផលនារដូវវស្សាឱ្យបានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនទាំង ៣៩ គ្រួសារ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលជ័បត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ២០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ីអ៊ីវ ៦ ដប កន្ទេលជ័បត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ១៥ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង