ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជានាំស្រូវចេញទៅវៀតណាមតាមច្រកមួយចំនួន​ បណ្តាខេត្តជាប់ព្រំដែន មានប្រមាណជាង៩២ម៉ឺនតោន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញស្រូវ ទៅកាន់ ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និង ខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០  សម្រេច បានចំនួន ៩២១, ០៤៧ តោន។ នេះបើយោងតាមការសរសេរនៅលើទំព័រ​ហ្វេកប៊ុក​របស់​ឯកឧត្ដម វេង សាខុន រដ្ឋមន្រី្ដក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្ដម វេង សាខុន បានគូសបញ្ជាក់ថា ចំពោះខេត្តព្រៃវែង​ដែលបានជាប់ចំណាត់​ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល១០ឆ្នាំ ចុង​ក្រោយ​​នោះ គឺកំពុងប្រមូលផលស្រូវស្រាលនាដើមរដូវ។ ឯកឧត្ដមបានបន្ដថា តាមរបាយ ការណ៍​របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានឱ្យដឹងថា ការ​នាំស្រូវ​ចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិត​ចាប់ពី ថ្ងៃទី​២២ ខែឧសភា  ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួន​សរុប​ប្រមាណ​ ៣៨, ៥២៦ តោន។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា យោងតាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញស្រូវទៅ​កាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០  សម្រេច បានចំនួន ៩២១, ០៤៧ តោន ៕ដោយ  ប៊ុនរិទ្ធ