លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្ត ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំជើងគ្រាវ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោកស្រី ឈឹម សុផល អភិបាលរងស្រុករលាប្អៀរ លោកស្រី មាស សុម៉ាលី ស្នងការ រង នគរបាល ខេត្តកំពង់ឆ្នាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, កម្លាំងមានសមត្ថកិច្ច, មេ ឃុំ មេភូមិ, អាជ្ញាធរ, ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។

គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

ក្នុងឱកាសនោះលោកស្រីបាន លើកឡើងថាៈ ក្រោមការដឹកនាំចង្អុលបង្ហាញទិស របស់ឯកឧត្តម ឈួរ ច័ន្ទ ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយបានជម្រុញ ពង្រឹងការអនុវត្ត ការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។

ក្នុងនោះលោកជំទាវបានផ្តាំការសូរសុខទុក្ខ ពីសំណាក់លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ឈួរ ចន្ទ័ឌឿន ប្រធាន គ.ខ.ប.ជ ខេត្ត និងបានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖ ១.ឱ្យយល់ពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ប្រុងប្រយ័ត្ន ចំពោះមេខ្យល់គ្រប់រូបភាព។ ២.រាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណា មកឃោសនា។ ៣.ចូលរួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។ ៤.ចូររួមអនុវត្ត ភូមិឃុំ មានសុវត្ថិភាព។ ៥.ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។

លោកស្រីបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងនោះលោកស្រី រួមជាមួយក្រុមការងារបានចែកសម្ភារ រួមជាមួយថវិកាមួយចំនួនជូនដល់លោកយាយ និងលោកតា ចាស់ជរា មានជំងឺ ប្រចាំកាយចំនួន០២នាក់ផងដែរ ៕