សាខា​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​កុមារកំព្រារ​ចំនួន ៥៦ នាក់ មកពី​ឃុំ​ព្រៃ​ទន្លេ និង​ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​

(​កំពត​) ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ មិថុនា ឆ្នាំ​២០២០ នេះ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំ​ដោយ​លោកជំទាវ​លាង​ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា និង​យុវជន​កាកបាទក្រហម បានរៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅ​ផ្តល់ជូន​កុមារកំព្រារ​ចំនួន ៥៦ នាក់ មកពី​ឃុំ​ព្រៃ​ទន្លេ និង​ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

​នាឱកាស​នោះ លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​កុមារកំព្រារ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ។

​លោកជំទាវ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​អនុវត្ត​វិធី​អនាម័យ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ (Covid-19) ។​

​អំណោយ​ផ្តល់ជូន​រួមមាន​៖ អង្ករ​១០​គីឡូក្រាម មី​៥​កញ្ចប់ ទឹកស៊ីអ៊ីវ​២​ដប អំបិល​១​កញ្ចប់ ស្កសរ​១​កញ្ចប់ ត្រីខ​២​កំប៉ុង ផ្លែ​សំ​រ៉ង​១​កញ្ចប់ ទឹកក្រូច​៤​កំប៉ុង សម្ភារ​សិក្សា (​ប៊ិច សៀវភៅ បន្ទាត់ កា​តាប​ស្ពាយ​) និង​ថវិកា ៤០,០០០​រៀល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​