ថ្នាក់ដឹកនាំ​ខេត្តកំពត​ចុះ​ត្រួតពិនិត្យ និង​សម្របសម្រួល​ការអនុវត្ត​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​មេ ស្ថិតនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុ​អង្គរជ័យ​

(​កំពត​)៖​នៅ​រសៀល ថ្ងៃ អង្គារ ៤​រោច ខែ ជេស្ឋ ឆ្នាំជូត ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្វែងយល់ និង​សម្របសម្រួល ការអនុវត្ត​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​មេ ស្ថិតនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​នេះ ទទួលបាន​ជោគជ័យ​តាម​លទ្ធផល​គ្រោងទុក ។​

​សូម​បញ្ជាក់ដែរថា​៖ គម្រោង​ស្តារឡើងវិញ​ប្រឡាយ​មេ មួយ​ខ្សែ​នេះ គឺជា​គម្រោង​ដែល​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ចាប់ដំណើរការ​ស្ដារឡើងវិញ​តាំងពី​ឆ្នាំ ២០១៨ ។ ប្រឡាយ​នេះ​មាន​ប្រភព​ចេញពី​អាង​ទំនប់ទឹក​ខ្ពប​ត្របែក ឆ្លងកាត់​ឃុំ​ចំនួន​៦​ឃុំ​នៃ​ស្រុក​អង្គរជ័យ មាន​ប្រវែង ១៧,៦​គីឡូម៉ែត្រ មាត់​លើ​ប្រវែង​១៣ ម៉ែត្រ ជម្រៅ ៣​ម៉ែត្រ បាត​ក្រោម​៤​ម៉ែត្រ អាចមាន​សក្ដានុពល​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម ប្រមាណ​១.៥៩៨ ហិកតា​។ គម្រោង​នេះ​អនុវត្ត​ជា​បួន​ដំណាក់កាល ដោយឡែក​មកដល់​ពេល​បច្ចុប្បន្ន​បាន​អនុវត្ត​ចប់​ដំណាក់កាល​ទី​៣ និង​បន្ត​អនុវត្ត ដំណាក់កាល​ទី​៤ ឆ្នាំ​២០២១ មាន​ប្រវែង ៥៦៣ ម៉ែត្រ ដោយមាន​ជាប់​
​ពាក់ព័ន្ធ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ខ្នង​ប្រឡាយ ចំនួន​១៨ គ្រួសារ ដែល​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​ដោះស្រាយ ។​

​ជា​លទ្ធផល​នៃ​សម្របសម្រួល​របស់ ឯកឧត្តម​អភិបាលខេត្ត ប្រជាពលរដ្ឋ បាន​ចូលរួម​ទទួលយក​ការ សម្របសម្រួល និង​យល់ព្រម​បរិច្ចាគ​ដីធ្លី​របស់​ពួកគាត់ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​បានសម្រេច​លទ្ធផល​ឆាប់ៗ​នាពេល​ខាងមុខនេះ​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ស្នើឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​បោះបង្គោល​កំណត់​ព្រំ​ប្រឡាយ​ឲ្យ​ច្បាស់លាស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​ចូលរួម​សហការ ព្រមទាំង​បាន​ណែ​នាំឱ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​សហការ​សម្របសម្រួល​ជាមួយ​អ្នកជំនាញ​ធ្វើយ៉ាងណា​អោយ​ការអនុវត្ត​គម្រោង​ស្តារ​ប្រឡាយ​នេះ​បានសម្រេច​លទ្ធផល​ជោគជ័យ ។ នាឱកាស​នេះដែរ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថិ​វ​កា ជូន​ដល់​កងកម្លាំង និង​ប្រជាពលរដ្ឋ​ចំនួន ៩០០.០០០​រៀល ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​