សម្ដេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​កិច្ចព្រមព្រៀង​សម្រាប់​ការនាំ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការបើក​ទីផ្សារ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​
នៅលើ​ផេ​ក​ផ្លូវការ នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ស​ម្ដេ​តេ​ជោ​បានសរសេរថា ”
​ខ្ញុំ​សូម​អបអរសាទរ​និង​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ក្រសួងកសិកម្ម​ក្នុង​ការបើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដែល​នៅ​ថ្ងៃទី​០៩ ខែ មិថុនា ២០២០ នេះ​គឺ​កម្ពុជា​និង​មិត្ត​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​លើ លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​”​។

ស​ម្យេ​ច​តេ​ជោ​ក៏បាន​អរគុណ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ជំរុញ​ការងារ​នេះ​រហូត​ឈានដល់​កិច្ច​ព្រមព្រៀងគ្នា​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ សម្តេច​តេ​ជោ​លើកឡើងថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាកសិករ ម្ចាស់​ចម្ការ និង​ពាណិជ្ជករ​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​ស្វាយ​ដែល​កំពុងមាន​ក្តីកង្វល់​ព្រោះ​មាន​ចំការ​ជាច្រើន​ដែលមាន​ស្វាយ​ទុំ​ជ្រុះ​ចោល​ហើយ​តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងច្រើន​។ បើតាម​ព័ត៌មាន​ទទួលបាន គឺមាន​អាជីវករ​បានដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ចំនួន ២០​លើ​ផ្ទៃដី ២១,២៨៦​ហិកតា​។ សម្តេច​តេ​ជោ​សង្ឃឹមថា ក្រោយពី​អគ្គនាយកដ្ឋាន​កសិកម្ម​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​រួចហើយ គឺ​នឹង​ឈានដល់​ការនាំចេញ​ផលិតផល​ស្វាយ​ខ្មែរ​នៅពេល​ឆាប់​នេះ​មិន​ខាន​។

ជាមួយគ្នានេះ​តាមរយៈ​ការនាំ​ផ្លែស្វាយ​ចេញទៅ​ប្រទេស​ចិន​នឹង​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​នៅក្នុង​ដំណាក់​កាលដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​។ សម្តេច​តេ​ជោ​ក៏​សូម​បងប្អូន​ប្រជាកសិករ និង​ពាណិជ្ជករ​ពង្រឹង​បច្ចេកទេស​ដាំ​ដុះ​ឱ្យមាន​គុណភាព​កាន់តែ​ខ្ពស់ និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​យើង​អាចមាន​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​។ អ្វីដែល​សំខាន់បំផុត​ក្នុង​ការនាំ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន គឺ​ត្រូវតែមាន​អនាម័យ និង​ភូតគាម​អនាម័យ​(SPS) ឱ្យបាន​ល្អ​ដែល​អាច​ទទួលយកបាន​នៅក្រៅ​ប្រទេស​៕ ដោយ ជឹម ណា​រី​