ប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានផ្សាយចេញក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថាឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានកំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុមទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពនិងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារនិងតំបន់អភិរក្សសត្វខ្សឹបក្នុងស្រុកស្ទោង​ខេត្ដកំពង់ធំ នៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០។

សេចក្តីប្រកាសព័ត៌មានខងលើ បានបន្តទៀតថា ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយ​សហគមន៍​មូល​ដ្ឋាន ​ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និង​ការអភិ រក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សី ជាតិរបស់កម្ពុជាគឺសត្វត្រយងយក្ស នៅក្នុងតំបន់​ការពារ ធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។ នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សា​ស្វែងយល់​អំពី​គម្រោង​អភិរក្ស សត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើ​ការងារកសិកម្ម និងការងារអភិរក្ស​អាច​អនុវត្តរួម​គ្នា​បាន​យ៉ាងដូច ម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយ​គម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើ​ការងារផ្នែក​ការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារ​សត្វព្រៃនៅក្នុង​សហគមន៍​​ដែលរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។

លោកស្រី Veena Reddy នាយកបេសកកម្មទី​ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់​សម្គាល់ថា “ទី​ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំប្រទេសកម្ពុជាមានសេចក្តី​រីករាយក្នុងការបន្ត​ការ​គាំទ្រ​របស់យើង ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបង្កើតការងារ ធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិតាមរយៈការគាំទ្រដល់ផលិតកម្មស្រូវសរីរាង្គ​មិត្តភាព​សត្វព្រៃនិង​សហគមន៍អេកូទេសចរណ៍ធម្មជាតិ។ ”

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុង កិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅ គង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត»។

ជាមួយគ្នានោះ លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ដោយមាន ការគាំទ្រ​ជាបន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCS​សម្រេចបានសមិទ្ធិផលការងារ អភិរក្ស យ៉ាង ច្រើនគួរ​ឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាច​សំរេចបាននូវគោលដៅរួមរយៈពេលវែង​របស់​យើង​ក្នុង​ការងារ​​អភិរក្សនិងអភិវឌ្ឍន៍សហគមន៍៕”

ដោយ៖ កន ចំណាន