ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជម្រុញដល់សកម្មជនបក្សត្រូវចូលរួមក្នុងចលនាសង្គមអោយបានច្រើន និងធ្វើអំពើណាដែលល្អ ដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍បក្សប្រជាជន !

(ព្រះវិហារ)៖ ការជម្រុញដល់សកម្មជនបក្សមូលដ្ឋាន ពីសំណាក់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ យុវជនគណបក្ស ខេត្តព្រះវិហារ ឯកឧត្តមយុង គឹមហ៊ាន នៅក្នុងឧិកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាព ក្រុមការងារយុវជនគណបក្សស្រុក កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ។

  ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប ខេត្តព្រះវិហារ លោកសុខ សាន្តតារ៉ា ,គណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក និងក្រុមសកម្មជនយុវជនគណបក្ស ប្រមាណជិត ១០០នាក់។

  ប្រធានក្រុមការងារយុវជនគណបក្សស្រុកឆែប លោក អ៊ុន សុផល បានឡើងរាយការណ៍ អំពី សមាសភាពក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សស្រុក ដែលបានអនុវត្តការងារតាមគោលការណ៍បក្ស និងបានចូលរួមក្នុងវិស័យសង្គមធម៌ និងមនុស្សធម៌ ជាច្រើននៅថ្នាក់មូលដ្ឋាន ស្របទៅតាមគោលនយោបាយ និងទស្សនវិស័យរបស់បក្ស ដែលបានដាក់ចុះអោយអនុវត្តនាពេលកន្លងមក បានយ៉ាងល្អប្រសើរ តែក៏នៅមានខ្វះចន្លោះចំណុចខ្លះៗ ដែលត្រូវអនុវត្តបន្តអោយបានជោគជ័យ នៅពេលខាងមុខ។ លោក អ៊ុន សុផល ក្នុងនាមក្រុមការងារយុវជនគណបក្សស្រុក បានចាត់ទុកគណបក្សប្រជាជនកម្ពុជា គឺជាឪពុកម្តាយ និងជាអ្នកផ្តល់កំណើតទី២ ដល់សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពនានាជាច្រើនទៀត ដល់មន្ត្រីបក្ស និងប្រជាជនកម្ពុជា ទូទាំងប្រទេស។

   ប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប លោក សុខ សាន្តតារ៉ា លើកឡើងថា ថ្នាក់ដឹកនាំបក្សស្រុក សកម្មជន និងសមាជិក សមាជិកាបក្សស្រុកទាំងអស់ តែងបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការងារស្នូលរបស់បក្ស ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមរយះការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមនៅក្នុងគ្រប់សកម្មភាពចលនាសង្គមធម៌ និងមនុស្សធម៌ នៅថ្នាក់មូលដ្ឋានរបស់ផងខ្លួន។ លោកបានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំបក្ស សកម្មជនយុវជនបក្ស សមាជិក និងសមាជិកាបក្សទាំងអស់ មិនត្រូវប្រព្រឹត្តអំពើល្មើសច្បាប់នានា ដូចជា ការចូលព្រៃកាប់ឈើ ការបរបាញ់សត្វព្រៃ ការជួញដូរគ្រឿងញៀន ដែលជាទង្វើផ្ទុយពីគោល

នយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ជាដាច់ខាត។ លោក សុខ សាន្តដារ៉ា បានក្រើនរំលឹកដល់មន្ត្រីបក្សប្រជាជនស្រុកទាំងអស់ ត្រូវខិតខំកសាង នូវអំពើណាដែលល្អ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវមានគុណធម៌ និងសីលធម៌ នៅក្នុងការរាស់នៅ និងត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេស កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយជាដើម។ល។ នោះហើយ គឺជាគោលនយោបាយរបស់ គណបក្ស

ប្រជាជនកម្ពុជា។

  ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តមយុង គឹមហ៊ាន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំបក្ស សកម្មជន និងសមាជិក សមាជិកាបក្សប្រជាជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ នៅក្នុងជួរបក្សអោយបានរឹងមាំ និងកាន់តែខ្លាំងក្លាថែមទៀត។ ហើយត្រូវចេះវាយបកទៅលើបក្សនយោបាយណាមួយ ដែលដើរបរិហារពី គោលនយោបាយបក្សប្រជាជន ដើរបំផុសបំផុលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការជ្រៀតជ្រែកផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺបានដាក់ចេញនូវគោលនយោបាយយ៉ាងត្រឹមត្រូវ និងអនុវត្តយ៉ាងមានប្រសិទ្ធភាព នៅក្នុងការដឹកគ្រប់រចនាសម្ព័ន្ធ និងការដឹកនាំប្រទេស អោយឈានឆ្ពោះទៅរកភាពរីកចម្រើន។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា សមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ជាពិសេស គឺ សន្តិភាព ប្រសិនបើគ្មានសន្តិភាពទេនោះ ក៏គ្មានគ្មានសិទ្ធិសេរីភាព និងការអភិវឌ្ឍប្រទេស អោយរីចចម្រើនបាននោះដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ