រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

APP សៀមរាប ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០–

(សៀមរាប)៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់បានថយចុះ៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមការបង្ហាញពីលោកឧត្តមសេនីយត្រី តេង ច័ន្ទណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ទន្ទឹមនោះ តាមរយៈរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លុវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ក្នុងយុទ្ធនាការ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្ត សម្រាប់ខែឧសភា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ មានចំនួនសរុប ២ករណី បើធៀបនឹងខែឧសភា ឆ្នាំ២០១៩ មានរហូតដល់១០ករណី ក្នុងនោះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ មានត្រឹមតែម្នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៩ មានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨នាក់។

តាមការលើកឡើង របស់លោកស្នងការរង ករណីផាកពិន័យគួរឲ្យកត់សម្គាល់ គឺទៅលើអ្នកបើកបរម៉ូតូ ជាពិសេសមិនពាក់មួកសុវត្ថិភាព សម្រាប់ខែឧសភា មានរហូតដល់ ១,៥៩២ករណី ក្នុងចំណោម២,០០៨ករណី ចំពោះការផាកពិន័យនេះលើ ៧ចំណុចសម្រាប់ម៉ូតូ។

ទោះជាយ៉ាងណាក៏ដោយ លោកស្នងការរង បញ្ជាក់ថា បន្ទាប់ពីមានការចាប់ផ្ដើមយុទ្ធនាការនេះដែរ  រយៈពេលមួយខែដំបូងនេះ ចំនួនប្រជាពលរដ្ឋក្នុងខេត្ត ដែលបើកបរម៉ូតូពាក់មួកសុវត្ថិភាព បានកើនដល់៩៥ភាគរយ។

គួរជម្រាបថា យោងតាម សេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ដីពីលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានប្រៀបធៀប រវាង ខែឧសភា ឆ្នាំ២០២០ និងខែឧសភាឆ្នាំ២០១៩ បង្ហាញថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរ ដោយករណីគ្រោះថ្នាក់សរុបទូទាំងប្រទេស ថយចុះ ១៣០លើក ស្មើ៣៧ភាគរយ ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ៤៣នាក់ ស្មើ២៧ភាគរយ និងអ្នករងរបួសថយចុះ១៦២នាក់ ស្មើ៣២ភាគរយ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប