សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹក អំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដល់ជនរួមជាតិកម្ពុជា

APP ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលឹកដល់ជនរួមជាតិកម្ពុជាអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេច បានលើកឡើងថា «ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាននិងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវនិងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ»

សម្តេចបន្តទៀតថា «ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។  ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្ទទៅលេខ១១៥»

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា៕ដោយ៖ កន ចំណាន