សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿនដល់បងប្អូនជនរួមជាតិ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩

APP ភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានផ្តាំផ្ញើសូរសុខទុក្ខបងប្អូនជនរួមជាតិនាថ្ងៃចុងសប្តាហ៍។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តរំឮក ដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិភពលោក។

សម្តេចតេជោ បានលើកឡើងថា »កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ទោះអត្រាឆ្លងរោគកូវីដ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះដាច់ខាត។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស នឹងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងចឹល»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី  បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងចឹលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមក្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានចឹល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។

សម្តេចក៏បានអំពាវនាដល់បងប្អូនជនរួមជាតិ បន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩ និងតាមដាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

បន្ថែមលើសពីនោះ សម្តេចតេជោ បានថ្លែងអំណរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕ ដោយ៖ កន ចំណាន