ប្រុងប្រយ័ត្ន​ជួយ​ខ្លួនឯង គឺជា​វិធីសាស្ត្រ​ល្អ​បំផុត ដើម្បី​ជៀសវាង​ការឆ្លង​វីរុស​កូ​វីដ​-១៩ !

សៀមរាប​៖ ក្នុង​ដំណើរ​បេសកកម្ម ថ្ងៃទី ២ របស់​គណ​:​ប្រតិភូ​កាកបាទក្រហមកម្ពុជា មក​ខេត្តសៀមរាប ដើម្បី​ផ្តល់​ជូនអំណោយ​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ​ជា​ជនពិកា និង​ប្រជាពលរដ្ឋ​ដែល​ប្រឈម និង​ជីវភាព​ខ្វះខាត នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ជនពិកា​ចំនួន ៨៥​នាក់ ។​

លោកជំទាវ ពុំ ចន្ទី​នី បានបង្ហាញ​សារ​អប់រំ​ដ៏​មាន​សារសំខាន់​ថា​៖ អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ស្មើនឹង​ការកសាង​របង​សុវត្ថិភាព​ចៀស វាង​ការឆ្លង និង​ចម្លងជំងឺ​កូ​វីដ​-១៩ ។ ការទប់ស្កាត់​នេះ​គឺ​ផ្តើមចេញពី​ម្នាក់ ឆ្ពោះទៅ​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​រលក​ទី​២ ចូលក្នុង​សហគមន៍​។ អនុវត្តបាន​យ៉ាង​ដូច្នេះ គឺអាច​និយាយបានថា ក្នុងសង្គម​កម្ពុជា ពុំមាន​ការគំរាមកំហែង​ជីវិត​មនុស្ស​ដោយ​កូ​វីដ​-១៩ នោះឡើយ​។​

​លោកជំទាវ បានបង្ហាញ​សារ​អប់រំ​នេះ ក្នុងឱកាស​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​-​ហ៊ុនសែន ប្រធាន​សមាគមជាតិ​កាកបាទក្រហមកម្ពុជា ចែកជូន​ជនពិការ ចំនួន​៨៥​នាក​នៅ​ស្រុក​ស្វាយ​លើ ដែលជា​សក្ខីភាព​នៃ​ការយកចិត្តទុកដាក់ ឆ្លើយតប​បន្ទាន់​ទៅនឹង​បញ្ហា​ប្រឈម​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ជនពិការ ដែលជា​ជន​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សង្គម ។ អំណោយ​ដែល​ម្នាក់ៗ​ទទួលបាន​រួមមាន​: អង្ករ ២៥​គ​ក្រ​, មី ១​កេស​តូច​, ត្រីខ ១​យួរ​, ថវិកា​៩​ម៉ឺន​រៀល និង​កញ្ចប់​អនាម័យ ១​កញ្ចប់ ក្នុងនោះ​មាន សាប៊ូ​៤​ដុំ​, ជែ​ល​, អាល់កុល និង​ក្រមារ​បង់ក ១ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​