ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ចុះ​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការសាងសង់​ស្ពាន​ស្ទឹង​ស្តៅ ក្នុងស្រុក​សង្គម​ថ្មី​

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ អមដំណើរ​ដោយ ឯកឧត្តម​ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ឯកឧត្តម​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ពាន​ស្ទឹង​ស្តៅ ស្ថិតក្នុង​ភូមិ​សុច ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដែល​រង​ការឆាបឆេះ​ដោយសារ​ភ្លើងព្រៃ​កន្លងមក និង​សមិទ្ធផល​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​អបអរ​សារ​ទរ​ចំពោះ​សមិទ្ធិផល​ថ្មី​មួយ​នេះ ដែល​នឹង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម បាន​អរគុណ​ចំពោះ​រដ្ឋបាលខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រីក្រោមឱវាទ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ស្ពាន​នេះ​ឡើងវិញ ជំនួស​ឲ្យ​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​ដែល​បាន​ឆេះ​កន្លងមក​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​ឲ្យ​ដឹងថា ស្ពាន​ស្ទឹង​ស្តៅ​នេះ ត្រូវបាន​កសាងឡើង​វិញ​ដោយ​ដែក​បេ​ឡេ និង​ក្រាល​ឈើ មាន​ប្រវែង​៤៨​ម៉ែត្រ និង​ទទឹង​៤.២​ម៉ែត្រ​។ ស្ពាន​នេះ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ចំនួន​០៣​ភូមិ​គឺ​៖ ភូមិ​សុច ភូមិ​ត្រពាំង​ធ្លក និង​ភូមិ​តាបោះ ក្នុង​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ហួស​ទៅ​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត និង​ភ្នំ​ពក​។​

​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​គូសបញ្ជាក់ថា ស្ពានដែក​បេ​ឡេ​ថ្មី​ឆ្លងស្ទឹង​ស្តៅ​នេះ គឺមាន​ការជួយឧបត្ថម្ភ​ដែក​ស្ពាន​បេ​ឡេ​ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឧបត្ថម្ភ​ឈើ​ក្រាល​ស្ពាន​ដោយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឧបត្ថម្ភ​សរសរ​ដែក​ស្ពាន​ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និង​ឯកឧត្តម ប្រាក់ សុវណ្ណ ហើយ​អនុវត្ត​ការងារ​សាងសង់ ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មិនមាន​ថវិកា​របស់​សប្បុរសជន​ណា​ផ្សេង​នោះទេ​។​

​លោក​ថា «​ចំពោះ​ឈើ​ដែល​ក្រាល​ស្ពាន​នេះ គឺ​យក​ឈើ​ចាស់ៗ​ដែលរ​លំនៅ​ក្នុងព្រៃ មិនបាន​កាត់ឈើ​ថ្មី​យកមកប្រើ​នោះទេ ហើយ​ចំពោះ​ឈើ​ក្រាល​ស្ពាន​នោះ គឺមាន​ការពិនិត្យ និង​រាប់​ជា​រៀងរាល់ថ្ងៃ​ពី​លោក បេន ដេ​វី​ស ជនជាតិ​អាមេរិកកាំង ដែលជា​អ្នកការពារ​សត្វព្រៃ និង​ព្រៃឈើ​តំបន់​អភិរក្ស​ភ្នំ​ត្នោត និង​ភ្នំ​ពក​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​