សមាជិក សមាជិកា​សមាគម​ជនពិការ​អង្គរ​ជា​ជនពិការ​ចំនួន ៩២​នាក់ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា !

​សៀមរាប​៖ នា​រសៀល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ នេះ ជនពិការ​ចំនួន​៩២​នាក់ នៃ​សមាគម​ជនពិការ​អង្គរ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា ក្រោម​អធិបតីភាព​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប​។ អំ​ណោ យ​មនុស្សធម៌​ផ្តល់ជូន​បងប្អូន​ជនពិការ​ទាំង​៩២​នាក់ នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ២៥​គីឡូក្រាម , មី​១​កេស​, ត្រីខ ១​យូរ និង​កញ្ចប់​អនាម័យ មាន​សាប៊ូ , ជែ​ល , អាល់កុល និង​ក្រ​ម៉ា ព្រមទាំង​ថវិកា​៩​ម៉ឺន​រៀល​។​

​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ ។ ជាមួយគ្នានេះ​លោកជំទាវ ក៏បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង ខេត្ត មិនត្រូវ​ធ្វេសប្រហែស​ពី​មេរោគ​កូ​វីដ​-១៩​នេះឡើយ ទោះបី​នៅ​ប្រទេស​កម្ពុជា​យើង មាន​ភាព​ធូរស្រាល​ជាង​មុន​ក៏ពិតមែន តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ដោយ​ថែរក្សា​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ សម្រាប់​កូនចៅ និង​ក្រុមគ្រួសារ ដោយ​ត្រូវ​លាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​តាមដាន​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​