ស.ស.យ.កខេត្តមណ្ឌលគិរី ទទួលសម្លៀកបំពាក់ និងថវិកាមួយចំនួន ពីសប្បរសជន ដើម្បីជួយដល់កុមារកំព្រា

មណ្ឌលគិរី៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជើញទទួលសម្លៀកបំពាក់សិស្សានុសិស្សពីសប្បរសជន និងថវិកាចំនួន ៥០ម៉ឺនរៀល ពីលោកស្រី ថុង សុថេត ដែលជាអាជីវករ នៅផ្សារសែនមនោរម្យ ដើម្បីជាការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត និងក្រុមការងារស.ស.យ.កខេត្ត ក្នុងការជួយដល់កុមារកំព្រា នៅខេត្តមណ្ឌលគិរី។លោកស្រី ថុង សុថេត ដែលជាអាជីវករ នៅផ្សារសែនមនោរម្យ បានឱ្យដឹងថា ចំពោះសម្លៀកបំពាក់សិស្សានុសិស្ស សរុបចំនួន ៧០កំផ្លេ និងខោ៣០សម្រាបនាពេលនេះ គឺជាអំណោយរបស់ឯកឧត្តម កែវ រតនៈ និងលោកជំទាវ ហើយក្នុងនោះ លោកស្រី ថុង សុថេត ក៏បានជួយឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីឱ្យក្រុមការងារស.ស.យ.កខេត្ត ចែកបន្តជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ជាពិសេស កុមារកំព្រានៅក្នុងខេត្តមណ្ឌលគិរី។

លោក ស៊ាង សឿន អនុប្រធានប្រចាំការ ស.ស.យ.កខេត្ត តំណាងឱ្យលោក ឈឹម កាន ជាប្រធាន បានថ្លែងអំណរគុណដល់ឯកឧត្តម កែវ រតនៈ និងលោកជំទាវ រួមទាំងលោកស្រី ថុង សុថេត ដែលមានទឹកចិត្តដ៏ល្អប្រពៃ ក្នុងការជួយជាសម្លៀកបំពាក់សិស្សានុសិស្ស និងថវិកាមួយចំនួន ដល់ក្រុមការងារស.ស.យ.កខេត្ត ដើម្បីមានលទ្ធភាព បន្តធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយដល់កុមារកំព្រានៅក្នុងខេត្ត៕