សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩

APP ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០—-

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តអំពាវនាវដល់ជនរួមជាតិ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ នេះបើយោងតាមការផ្សាយចេញពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចតេជោ បាមបញ្ជាក់ថា ជំងឺរាតត្បាតនេះ ងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេស ដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។

សម្តេចតេជោ បានណែនាំដល់បងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។

ជាមួយគ្នានោះសម្តេច បានលើកឡើងទៀតថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕

ដោយ៖ កន ចំណាន