តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ ចុះសួរសុខទុក្ខ និង​ប្រគល់​ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ក្នុងស្រុក​មេមត់​

​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ម៉ូត យូ​សុះ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​អ៉ី​ម៉ុ​ា​ខេត្ត​ត្បូងឃ្មុំ អមដំណើរ​ដោយ ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូ​ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ លោក​ស្លះ ក្រី​យ៉ា អ៉ី​ម៉ាំ​ស្រុក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ ហា​កឹម តួន អាជ្ញាធរ​មូលដ្ឋាន និង​យុវជន​សម្ព័ន្ធ​យុវជន​មុ​ស្លឹ​មក​ម្ព​ជា អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ប្រគល់​ផ្ទះ​សប្បុរសធម៌​មួយ​ខ្នង​ជូន​គ្រួសារ អ្នក​មីង ស្លេះ លី​ម៉ា ដែល​រស់នៅ​ក្នុងភូមិ​សាលា​ភ្នំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​នា​ក្នុងឱកាស​សំណេះសំណាល​ឯកឧត្តម បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជានិច្ច និង​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​យក​ទឹក​អាល់កុល​ឬ​ទឹក​ជែ​ល​លាងដៃ​តាម​ខ្លួន ដើម្បី​ការពារ​ខ្លួន ក្រុមគ្រួសារ សាច់ញាតិ​បងប្អូន អ្នក​នៅ​ជុំវិញខ្លួន ពី​ជម្ងឺ​កូ​វី​ឌ​១៩ ។​

​ឯកឧត្តម ម៉ូត យូ​សុះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ម្ចាស់​អំណោយ និង​អ្នក​ដែល​នាំយក​អំណោយ​មក​ជូន​ប្រជាពលរដ្ឋ ហើយ​ឯកឧត្តម​សំណូមពរ​អោយនៅតែ​បន្ត ជួយឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​វ​ប្បធ​ម៍​ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​ទុក្ខលំបាក ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​។​

​មន្ទា​ប់​មក​ឯកឧត្តម និង​ប្រតិភូ​អមដំណើរ​ក៏បាន​ប្រគល់​ផ្ទះ និង​សម្លៀកបំពាក់​ថ្វាយ​ប​ថ្គុំ​( ម៉ា​ក្នា​) ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ថវិកា​មួយចំនួន​ជូន​ដល់​អ្នក​មីង​ដែល​ទទួលបាន​ផ្ទះ​សប្បុរសធម៌ សម្រាប់​ប្រើប្រាស់​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​នា​ក្នុងអំឡុងពេល​កូ​វី​ឌ​១៩​។​

​សូមបញ្ជាក់​ផងដែរ​ថា អំណោយ​ផ្ទះ​សប្បុរសធម៌​មួយ​ខ្នង​នេះ ចំណាយ​ថវិកា​ក្នុងការ​សាងសង់​អស់​ចំនួន ១០,០០០,០០០​រៀល​(​ដប់​លាន​រៀល​) ទទួលបាន​ពី​សប្បុរសជន​ម៉ាឡេស៊ី តាមរយៈ​លោក ម៉ា​ឡិ​ក អា​រី​ហ្វី​ន ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​