ឯកឧត្តម យុន ឈុន្នី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ នឹងនាំយកអំណោយផ្តល់ជូនគ្រួសារក្រីក្រចំនួន ១៥គ្រួសារ នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ 

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម យុន ឈុន្នី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ-កញ្ជ្រៀច បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ១៥ គ្រួសារ ដែលស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ការលៈទេសៈ គ្រប់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្ដមអនុប្រធានទី១ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយត្រូវរស់នៅស្អាតប្រកបដោយអនាម័យជានិច្ច និងត្រូវបរិភោគអាហារដែលចម្អិនអោយបានឆ្អិនល្អ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង់។

ឯកឧត្តមក៏បានបន្តទៀតថា អំណោយទាំងអស់នេះ វាមិនអាចជួយបំពេញតម្រូវការបានយូអង្វែងនោះទេ ក៏ប៉ុន្តែ វាអាចជួយសម្រួលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែ។

អំណោយដែលផ្តល់ជូននោះរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈការពារជម្ងឺកូវីដ សំលៀកបំពាក់ ២កំប្លេរ និងថវិកា ៥០.០០០ រៀល ក្នុងនោះឯកឧត្តមក៏បានឧបត្ថម្ភជូនរដ្ឋបាលឃុំទឹកថ្លា ២០០.០០០រៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២០០.០០០រៀលនោះផងដែ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង