សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង នៅស្រុកត្បែងមានជ័យ 

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន៣៣គ្រួសារ នៅឃុំប្រមេរចំនួន៣០គ្រួសារ, ឃុំពោធិចំនួន០៣គ្រួសារ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ឱ្យស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញរងចាំពិនិត្យតាមដានសុខភាពជាប្រចាំ។

លោក ពឹង ទ្រីដា ក៏បានជម្រុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន៣៣គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។

ក្នុងនោះគ្រួសារអាទិភាពចំនួន ០៣គ្រួសារបន្ថែមនូវ សារុង១, ភួយ១, ក្រមា១, មុង១ និងថវិកា ២០០,០០០ រៀលផងដែរ និងប្រគេនព្រះសង្ឃរួមមាន អង្ករ២បេ, មី២កេស, ត្រីខ២យួរ, ទឹកស៊ីអីវ១យួរ, ទឹកក្រូច២កេស និងថវិកា ២០០,០០០រៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ