ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជួបការ លំបាកចំនួន៤០គ្រួសារនៅស្រុកអូរយ៉ាដាវ ទទួលបានអំណោយ មនុស្សធម៌

(រតនគិរី)៖ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី តំណាងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា រួមនិងសមាជិក សមាជិកា នៅព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តរតនគិរីចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជនចាស់ជរាចំនួន ៤០ គ្រួសារ នៅទីតាំងពីរផ្សេងគ្នា រួមមាន៖នៅវិទ្យាល័យសោមធំក្នុងឃុំសោមធំ២០គ្រួសារ និងនៅ អនុវិទ្យាល័យប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ២០គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម គិត ទ្រី ជំនួសមុខឲ្យឯកឧត្តម ថង សាវុន បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងស្លាប់នោះទេគឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ទៀតថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមាជិកភូមិឃុំដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ម្យ៉ាងទៀតការនាំ យកអំណោយ ចែកជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលនេះ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករម្លែកបានទាន់ពេលវេលា មិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។

ឯកឧត្តម គិត ទ្រី បានក្រើនរម្លឹកដល់ ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវនិយាយដោយឡែកនិង និយាយរួមនៅទូទាំងខេត្តរតនគិរីទាំងអស់កុំធ្វេស ប្រហែសពីជំងឺកូវីដ១៩នេះឱ្យសោះ ដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើង បានថមថយយ៉ាងណាក៏ដោយក៏សូមប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជៀសវាងកើតឡើង រលកទី២ នៃជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមអនុប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម គិតទ្រី និង សមាជិក សមាជិកា បានចែកជូននូវអំណោយដល់ ប្រជាពលរដ្ឋខ្វះខាត លោកតា លោកយាយ ជនចាស់ជរា ជួបការលំបាក ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ខោអាវ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី