លោកហោ ប៊ុនហួរ នាំយកអំណោយរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារ ក្នុងស្រុករវៀង!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ លោក​ហោ​ ប៊ុនហួរ​ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ នាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនគ្រួសារក្រីក្រសរុប ចំនួន០៥គ្រួសារ ស្ថិតនៅភូមិសំព្រាង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចកាលលោកតែងតែគិតគូរអំពី សុខទុក្ខរបស់បងប្អូន និងមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។

លោកអភិបាលស្រុកបន្តថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប និងមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុករវៀង ក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់ជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានយកមកចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារនោះរួមមាន៖ អង្ករ៣០គីឡូក្រាម, មីកន្លះកេស, ប្រេងឆា១ដប, តង់១, ស្បែកជើង១គូរ, ក្រមា១, សារ៉ុង១, ក្រណាត់ស១ដុំ និងថវិកាចំនួន ១០០.០០០រៀល៕