ក្រសួងបរិស្ថាន អបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិ ស្ថានតាមរយៈវីដេអូឃ្លីប ។

ប្រភពខាងលើបន្តថា នៅឆ្នាំ២០២០នេះ ប្រធានបទរបស់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកគឺ« អភិរក្សជីវចម្រុះដើម្បីយើងទាំងអស់គ្នា »។ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀប ចំយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញអនឡាញ ដែលនៅក្នុងនោះមានសិក្ខាសាលាតាមកម្មវិធីZoom meeting ការផលិតកិច្ចពិភាក្សា ផ្សព្វផ្សាយឯកសារអប់រំ និងផ្ទាំងបដារូបភាព

បរិស្ថាន និងការផ្សព្វផ្សាយតាមបណ្តាញវិទ្យុ និងទូរទស្សន៍នានា ក្នុងគោលបំណង លើកទឹកចិត្តឱ្យសាធារណជននៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត ចូលរួមចលនានៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ប្រព្រឹត្តិទៅយ៉ាងផុសផុលប្រកបដោយផ្លែផ្កា។

ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធន ធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។

ឆ្នាំ២០២០ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការអភិរក្ស និងស្តារជីវចម្រុះឡើងវិញ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញពីគោលបំណងសំខាន់ៗនៃការប្រារព្ធទិវានេះនៅក្នុងវីដេអូឃ្លីបខាងក្រោម ដើម្បី៖ ១-លើកទឹកចិត្តដល់សាធារណជន អភិវឌ្ឍន៍សកម្មភាពមេត្រីភាពបរិស្ថានរួមគ្នា ដើម្បីទីក្រុងមានសោភណភាព ភូមិឋានស្អាត មានអនាម័យបរិស្ថានល្អ។ ២-ពង្រឹងការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃ បទល្មើសបំផ្លាញធនធានធម្មជាតិ និងពង្រឹងការយល់ដឹងពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ដើម្បីការរស់នៅដោយចីរភាព ៕  ដោយ៖ ពេជ្រ ណារិទ្ធ