អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​តូប​លក់ដូរ​អោយ​អាជីវករ​ក្នុង​តំបន់​អង្គរ ដើម្បី​ទទួល ភ្ញៀវ​ទេសចរណ៍ ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ !

​សៀមរាប​៖ ខណ​:​ដែល​ភ្ញៀវទេសចរ​ស្ងប់ស្ងាត់​នៅ​តំបន់​ប្រាសាទអង្គរវត្ត ដោយសារ​មេរោគ​ផ្លូវដង្ហើម​កូ​វីដ​-១៩ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បាន​នឹង​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឱ្យ​អាជីវករ នៅខាងមុខ​ប្រាសាទភ្នំបាខែង ក៏ដូចជា​នៅ​កន្លែង​ផ្សេង​នៃ​រមណីយដ្ឋាន​អង្គរ អោយមាន​របៀបរៀបរយ ដើម្បី​រងចាំ​ទទួលភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រាសាទអង្គរវត្ត ក្រោយ​បញ្ចប់​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​លោក ណន តូ​នី អ្នកគ្រប់គ្រង​រួម​ផ្នែក​សណ្ដាប់ធ្នាប់ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានដឹង​នៅ​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា តូប​អាជីវករ​មួយចំនួន​នៅខាងមុខ​ប្រាសាទភ្នំបាខែង​មិនមាន​សណ្ដាប់ធ្នាប់​ល្អ ដោយសារតែ​ពួកគាត់​ដាក់​សម្ភារៈ​លើសពី​កន្លែង​លក់ដូរ ដែល​ធ្វើអោយប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ។​ជាមួយគ្នា​នោះ​អាជីវករ​ខ្លះ បាន​យក​ឆ័​ត្រ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​នៅក្នុង​ប្រាសាទអង្គរវត្ត ដែលជា​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ជាទី​ឋាន​របស់​ព្រះ​ផងដែរ​។ លោក​បាន​បន្ដថា ស្រប​ពេលដែល​ស្ងាប់​ភ្ញៀវទេសចរ ណ៍ អាជ្ញាធរ​ត្រូវតែ​រៀបចំ​សណ្ដាប់ធ្នាប់​អោយបាន​ត្រឹមត្រូវ មាន​របៀប​រយ និង​មាន​សោភ័ណភាព​ល្អប្រសើរ ។​

​លោក​ក៏បាន​អំពាវ​ដល់​អាជីវករ​លក់ដូរ​នៅ​តំបន់​រមណីយ​ដ្ឋា​អង្គរ​ទាំងអស់​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​នៅ​កន្លែង​លក់ដូរ និង​ហាម​មិនអោយ​យក​ស្លាក​សញ្ញា​ក្រុមហ៊ុន​ឯកជន​នានា មានដូចជា​ឆ័​ត្រ​ជាដើម ទៅ​ផ្សព្វផ្សាយ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ខែ្មរ ដែលជា​ទីកន្លែង​គោរពបូជា​របស់​មនុស្ស​គ្រប់រូប ដែលជា​កន្លែង​មាន​ភាព​ទាក់ទាញ​អ្នក​ទេសចរណ៍​នោះឡើយ​។​

​អាជីវករ​លក់​នៅខាងមុខ​ភ្នំ​បាខែង លោក ឈិន ណា​រ៉ូ លោក​បាន​សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ការរៀប​សណ្ដាប់ធ្នាប់​នេះ​។ លោក​បាន​បន្ដថា ការលក់ដូរ​មាន​របៀបរៀបរយ​និង​សណ្ដាប់ធ្នាប់​ល្អ​ធ្វើអោយ​អ្នក​ទេសចរណ៍​មានទឹក​ចិ​ត្ដ​ចង់​មកលេង​ឬ​ទស្សនា​នៅ​ប្រាសាទ​ម្ដង​ហើយ​ម្ដងទៀត​។ លោក​ថា លោក​បាន​លក់ដូរ​នៅខាងមុខ​ប្រាសាទ​បាខែង​នេះ​ជិត​២០​ឆ្នាំ​មកហើយ ហើយ​លោក​ក៏​មិនអោយ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ដល់​ភ្ញៀវ​ទេសចរណ៍​ដែរ ព្រោះ​រូបលោក​ចង់អោយមាន​ភ្ញៀវ​ទេសចរណ៍ ទៅ​កំសាន្ដ​នៅ​ប្រាសាទ​អង្គរវត្ដ​អោយបាន​ច្រើន​។​

​តាម​ការ​សង្កេតឃើញ​នាពេល​បច្ចុប្បន្ននេះ អាជ្ញាធរ​បាន​នឹង​កំពុង​ខិតខំ​យ៉ាងខ្លាំង​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដូចជា​ការរៀបចំ​អោយមាន​ចំណតរថយន្ដ នៅខាងមុខ​អង្គរវត្ដ ចំណតរថយន្ដ​នៅ​ខាងជើង​ប្រាសាទ​លានជល់ដំរី ការរៀបចំ​អោយមាន​បរិស្ថាន​ល្អ និង​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​នៅខាងមុខ​អង្គរវត្ដ​ជាដើម​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​