សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់បងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​  បើទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។

សម្តេចតេជោ បានក្រានរម្លឹកថា »យើងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកដល់សព្វថ្ងៃ»។

ជាមួយនឹងការបង្ហោះអំពាវនាវខាងលើ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះអ្នកដែលបានបង្ហោះរូបសម្តេច និងក្រុមគ្រួសារ​ ដែលបានរំលឹកពីជីវិត និងការតស៊ូរបស់សម្តេចក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ទម្រាំប្រទេសជាតិបានមកដល់ដំណាក់កាលនេះ។ ដូច្នេះមិនត្រូវបណោ្តយខ្លួន ឲ្យរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែស និងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។

បន្ថែមលើសពីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស និងជូនពរដល់ជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕

ដោយ៖ កន ចំណាន