គម្រោង អេ​ម (AIMS ) ជា​ចំណុច​ចាប់ផ្តើម​ដំបូង​ជាមួយ​វិស័យ​ឯកជន លើ​អាជីវកម្ម​សូត្រ​ខ្មែរ !

​សៀមរាប​៖ នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការអភិវឌ្ឍ ខ្សែសង្វាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​សូត្រ​ខ្មែរ រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ដែល​ហៅ​កាត់​ថា អេ​ម ( AIMS ) ជាមួយ​ក្រុមហ៊ុន​ជី អេស ឌី ភា​ច ( Golden Silk PHEACH.Co.,Ltd ) នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ នៅ​ស្រុក​បន្ទាយស្រី លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង​នូវ​ការកត់សម្គាល់ថា​៖ នៅក្នុង​ខេត្តសៀមរាប រួមមាន​ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​បន្ទាយស្រី​ប៉ុណ្ណោះ ដែលមាន​ប្រជាជន​ប្រកបមុខរបរ​ដាំ​មន ចិញ្ចឹម​ដង្កូវនាង ស្រាវ​សរសៃសូត្រ និង​មាន​តម្បាញ​ហូល ផាមួង និង​ចរបាប់ ។

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​សូត្រ នៅក្នុង​ខេត្តសៀមរាប មានការ​បាត់បង់​ច្រើន ដោយសារតែ​កត្តា​ប្រឈម​មួយចំនួន​ដូចជា​បញ្ហា​ទីផ្សារ​មិន​ស្ថិតស្ថេរ ការប្រកួតប្រជែង​ជាមួយ​ផលិតផល​សូត្រ​ពី​ក្រៅប្រទេស និង​ការធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ថ្មី​ដែល​អាចមាន​ចំណូល​ច្រើនជាង​ការធ្វើ​សូត្រ​ជាដើម​។ លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អាស្រ័យ​ដោយ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ វិស័យ​សូត្រ​ខ្មែរ​ត្រូវបាន​ស្តារ​ពង្រឹង​ឡើងវិញ និង​កំពុង​បោះ​ជំ​ហ៊ាន​ឆ្ពោះទៅ​ការអភិវឌ្ឍ បំពេញតម្រូវការ​ទីផ្សារ​ជា​បណ្តើ​រហើយ​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា​៖ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សូត្រ​ខ្មែរ​មាន​ភាពរស់រវើក​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​សូត្រ​ជាតិ​២០១៦-២០២០​។ ដើម្បី​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ គម្រោង​ជម្រុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ដែល​ហៅ​កាត់​ថា អេ​ម ( AIMS ) គឺជា​ចំណុច​ចាប់ផ្តើម​ដំបូង​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន​និង​សាធារណៈ​ទៅលើ​អាជីវកម្ម​សូត្រ​ខ្មែរ​។ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ក្នុង​ភាពជា​ដៃគូ​នេះ គម្រោង​មាន​រៀបចំ​ឲ្យ​មានការ​ផ្គត់ផ្គង់​សំបុក​កូន​នាង ជំរុញ​ការដាំ​ដើម​មន​មានគុណ​ភាព សម្របសម្រួល​ឲ្យ​មាន​វេទិកា ពហុភាគី​ពាក់ព័ន្ធ​ជាមួយ​តួអង្គ​ខ្សែសង្វាក់​តម្លៃ​សូត្រ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដូចជា​បច្ចេកទេស ប្រព័ន្ធ​ស្រោចស្រព ឥណទាន និង​ការធ្វើ​ព​ពិធ​កម្ម​ទីផ្សារ​ជាដើម​។ តាមរយៈ​សកម្មភាព​នេះ គម្រោង​ក៏មាន​ការរំពឹងទុក​ដែរ​ថា កសិករ​ទទួល​បានកា​រ​កើនឡើង​នូវ​ប្រាក់ចំណេញ​ពី​ការផលិត​សូត្រ​ឆៅ​ខ្នាតតូច​នេះ និង​រចនា​ជា​ផលិតផល​សូត្រ​សំរេច​ផងដែរ​។​

​គម្រោង អេ​ម បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជី អេស ធី ភា​ច (Golden Silk-Pheach.Co.,Ltd) នៅ​ខេត្តសៀមរាប ដោយ​ធ្វើការ​ប្រមូលផ្តុំ​ក្រុម​កសិករ​ផលិត​ដែលមាន​ស្រាប់ និង​ចងក្រង​បង្កើត​ក្រុម​កសិករ​ផលិត​ថ្មី ដើម្បី​ពង្រីក​និង​កែលម្អ​ផលិតកម្ម​សូត្រ​ខ្មែរ​ក្នុង​បទដ្ឋាន​នៃ​គុណភាព គាំទ្រ​បច្ចេកទេស​ថ្មីៗ​ក្នុងការ​បង្កើត​ផលិតភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ បង្កើន​ប្រាក់ចំណូល​ដល់​បងប្អូន​កសិករ​ក្រុម​ផលិត ជាពិសេស​បងប្អូន​ស្ត្រី និង​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​គុណភាព​ផលិតផល សម្រាប់​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រយៈពេល​យូរអង្វែង​។​

​លោកស្រី​នាយិកា​ក្រុមហ៊ុន ជី អេ​ជ ឌី ភា​ច មានប្រសាសន៍ថា អស់​រយៈពេល​ជាង​១៨​ឆ្នាំ​កន្លងមកហើយ ដែល​ក្រុមហ៊ុន​បាន​តស៊ូ ជំនះ​រាល់​ការលំបាក​ទាំងឡាយ ជាមួយ​បុ​គ្ក​លិ​ក កម្មរ សហការ​រី និង​អ្នកជំនាញ​ខាង​វិស័យ​សូត្រ​នេះ ដើម្បី​បាន​ឈរ​នៅលើ​ទីតាំង​លទ្ធផល​នាពេល​ប​ច្ច​ប្បន្ន​នេះ ហើយ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រុមហ៊ុន​ជាមួយ​គម្រោង អេ​ម គឺជា​ការមកដល់​នៃ​ការពិត​មួយ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជោគជ័យ​របស់​ក្រុមហ៊ុន បន្ទាប់ពី​បាន​ឆ្លងកាត់​ក្តី​ស្រ​ម៉ៃ ដោយ​ការខិតខំ​ប្រឹង​អស់​រយៈពេល​១៨​ឆ្នាំកន្លងមក​នោះ​៕ ដោយ​៖​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​