ឯកឧត្តម ប៉ោ ពុទ្ធា​រិ​ទ្ធ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​នាំយក​ទេយ្យវត្ថុ​ជា​គ្រឿងឧបភោគ​បរិភោគ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ក្នុង​វត្ត​រាជ​បូព៌​ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប

(​សៀមរាប​)៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម ប៉ោ ពុទ្ធា​រិ​ទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ជា​នាយករង​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​នាំយក​ទេយ្យវត្ថុ​ជា​គ្រឿងឧបភោគ​បរិភោគ ជា​អំណោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ក្នុង​វត្ត​រាជ​បូព៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដើម្បី​សម្រួល​ការធ្វើ​ចង្ហាន់​ប្រចាំថ្ងៃ ខណៈ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​គម្រាមកំហែង​នៅក្នុង​សកលលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម លីវ សុខុន មានប្រសាសន៍​បន្ថែមថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើ​ឲ្យ​ទី​វត្ត​អារាម​នានា មាន​សភាព​ស្ងប់ស្ងាត់ ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ខ្វះខាត​ចង្ហាន់​របស់​ព្រះសង្ឃ ដូច្នេះ ដើម្បី​ឆ្លើយតប​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ បាន​ប្រគេន​នូវ​ទេយ្យវត្ថុ ជា​គ្រឿង​ឧបភោគបរិភោគ រួមមាន អង្ករ ១​តោន , ទឹកបរិសុទ្ធ ១០ កេស , ទឹក​សណ្តែក ១០​កេស , ក្រូចពោធិ៍សាត់ ៥​ផ្លូន , ត្រីខកំប៉ុង ១០០​កំប៉ុង និង​ប្រគេន ព្រះគ្រូ​ចៅអធិការ​វត្ត​នូវ​បច្ច័យ​ចំនួន ៤០០ ដុល្លារ , ព្រះសង្ឃ​ចំនួន ៤​អង្គ ក្នុង​មួយអង្គ បច្ច័យ​ចំនួន​១០​ម៉ឺន​រៀល , លោកតា​អាចារ្យ គណៈកម្មការ​វត្ត តាជី និង​យាយជី ចំនួន​៣៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល , ចុងភៅ​ប្រចាំ​វត្ត និង​កូនសិស្សលោក សរុប​ចំនួន​២៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល ។​

​មាន​សង្ឃដីកា​ក្នុងឱកាស​នោះ ព្រះ​តេជគុណ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរៈ​សភា​នៃ​ព្រះពុទ្ធសាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ក្រៃលែង ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​នូវ​ទេយ្យវត្ថុ​ទាំងអស់នេះ ដែល​ទាំងអស់នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​បន្ថែមទៀត ចំពោះ​ទឹកចិត្ត​ជ្រះថ្លា​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ដែល​បាន​ចូលរួម​ដោយ​ចិត្ត​ស្មោះស ក្នុងការ​លើកកម្ពស់​វិស័យ​ពុទ្ធសាសនា​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុងអំឡុងពេល​វិបត្តិ នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដែល​ទី​អារាម​នានា​ក្នុង​ខេត្តសៀមរាប ពុំមាន​ប្រារព្ធ​ពិធី​សាសនា លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ណាមួយ​ឡើយ ដែលជា​ការចូលរួម​គោរព​តាម​សេចក្ដីណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​ក្នុងឱកាស​នោះដែរ ព្រះ​តេជគុណ ព្រះមហា​វិមលធម្ម ពិន សែម បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​នា​រយៈពេល​កន្លងមក តែងតែបាន​ជួយ​សម្របសម្រួល​បច្ចេក​ទេស​ដល់​ការផ្សាយ​នៃ​វិទ្យុ​សំឡេង​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​វិទ្យុ​ផ្សព្វផ្សាយ​ព្រះធម៌​ព្រះពុទ្ធសាសនា​នៅ​ទូទាំងប្រទេស ដើម្បី​ជួយ​អប់រំ​សីលធម៌ ផ្លូវចិត្ត​ជាដើម ដល់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ទាំងអស់ ។​

​ព្រះ​តេជគុណ ព្រះមហា​វិមលធម្ម ពិន សែម មាន​សង្ឃដីកា​បន្ថែមថា នា​បច្ចុប្បន្នេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​បន្ត​ឆ្លង​រាលដាល​ដល់​មនុស្ស​យើង​នៅ​ទូទាំង​ពិភពលោក​រាប់លាន​នាក់ ព្រមទាំង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិប​ម៉ឺន​នាក់​ទៀតផង ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​យើង ថ្វីត្បិតតែ​មាន​មនុស្ស​ចំនួន​១២៥​នាក់ បាន​ឆ្លង​ជំ​ងី​កូ​វីដ​១៩ ជា​ករណី​នាំចូល ប៉ុន្តែ​គ្មាន​អ្នកស្លាប់​ឡើយ គឺ​បាន​ព្យាបាល​ជាសះស្បើយ​រហូតដល់​ទៅ​១២៣​នាក់ និង អ្នកជំងឺ​ចំនួន​២​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​អាច​នឹង​ឈានទៅរក​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស​ជា​ភ័ព្វសំណាង​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​និង មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ ការការពារ និង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បាន​ទាន់ពេលវេលា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​