ឯកឧត្តម ង៉ាន់ ភីរុណ ចុះ​សួរសុខទុក្ខ និង​ចែក​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២០​គ្រួសារ​

(​សៀមរាប​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម ង៉ាន់ ភីរុណ អភិបាលរង ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯក​ឧ​ត្ត ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថ្លែង​នៅក្នុង​ពិធី​សួរសុខទុក្ខ និង​ចែក​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២០​គ្រួសារ ស្ថិតនៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​នឹង​ការ​នឹករលឹក​ពី​ថ្នាក់ដឹកនាំ​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុងពេល​ជំងឺ​រាតត្បាត​កូ​វីត​១៩​នេះ និង​ណែនាំ​ឲ្យ​ជម្រុញ​ឱ្យ​រក្សា​វិធានការ​ការពារ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងកា​រក្សាបាន​នូវ​សុវត្ថិភាព អនាម័យ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការឆ្លង​នៅក្នុង​សហគមន៍​របស់ខ្លួន ដោយ​ពាក់​ម៉ាស សំអាត​ដៃ​ជាមួយ​អាល់កុល និង​សាប៊ូ ឬ​ជែ​ល រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ហាម​ការប្រមូលផ្តុំ​ជួបជុំ​មនុស្ស​ច្រើន​ជាដើម ។

​លោក ង៉ាន់ ភីរុណ មានប្រសាសន៍​ផ្តាំផ្ញើ​និង អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន​ទាំងអស់ អំពី​វិធាន​ការពារ​ពី​ការឆ្លង​ជំងឺ​ផ្សេងៗ​ក៏ត្រូវ​បង្ការ និង​ការពារ​ផងដែរ ជាពិសេស​រដូវភ្លៀង​វស្សា​ភ្លៀង​ធ្លាក់​ជោគជាំ​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយ​ជំងឺគ្រុនឈាម និង​តាមដាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ផ្លូវការ ជាពិសេស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ពាក់​ព័​ន្ឋ​ទៅនឹង​ជំងឺ​កូ​វីដ​១៩​។ លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​៖​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ដែលមាន​សម្តេច​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អ្វីៗ​បាន​នឹង​កំពុង​រីកចំរើន​ជឿនលឿន​ទៅមុខ​ឥត​ក្រោម​ដំបូល​សន្តិភាព​តែមួយ ។

​លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចូលរួម​អនុវត្ត​ឱ្យបាន​លើ​ការងារ​កសិកម្ម ដោយ​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ ការចិញ្ចឹម​សត្វ និង​ធ្វើស្រែ​ឱ្យទាន់​រដូវ ដើម្បី​ធានា​លំនឹង​សេដ្ឋកិច្ច​គ្រួសារ ។ គ្រឿងឧបភោគ​បរិភោគ​ដែល​នាំយកទៅ​ផ្តល់ ជូន​ដល់​បងប្អូន​នាពេលនោះ​÷ ប្រភេទ​ក្រ​១ ចំនួន​១២០​គ្រួសារ​រស់នៅក្នុង​ឃុំ​ជីក្រែង ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២០​គីឡូក្រាម​, ទឹកត្រី ០១​យួរ​, ពូជ​បន្លែ​ស្ពៃ ០៣​កញ្ចប់​, មាន់ ២​ក្បាល , ពងមាន់ ០១​ប្រអប់ និង​មី​ចំនួន ០១​កេស​។ សម្ភារៈ​ទាំងនេះ​បានមកពី​ការចូលរួម​ឧបត្ថម្ភ​របស់​ក្រុមការងារ​ខេត្ត​ចុះជួយ​មូលដ្ឋាន​ឃុំ​ជីក្រែង ស្រុក​ជីក្រែង​ខេត្តសៀមរាប រួមជាមួយ សប្បុរសជន​មួយចំនួន​ផង​។ តាម​របាយការណ៍​រប​ស់លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង បង្ហាញថា​៖ ស្រុក​នេះ​មាន​ប្រជា ពលរដ្ឋ​សរុប​ចំនួន​៣០,៨២៩​គ្រួសារ ក្នុងនោះ គ្រួសារ​ក្រី​ក្រក​ម្រឹត​១​ចំនួន​២,០៩៦ គ្រួសារ​, ក្រី​ក្រក​ម្រឹត​២ ចំនួន​៣,១១៨ គ្រួសារ ។​
​ឆ្លៀត​ក្នុងឱកាស​នោះ លោក ង៉ាន់ ភីរុណ បាន​អញ្ជើញ​ពិនិត្យ​ព្រះវិហារ​វត្ត​ព្រះឥន្ទ​ឧស្សាហ៍ ហៅ​វត្ត​ជីក្រែង ដែល​កំពុង​សាងសង់ ដោយបាន​ប្រគេន​បច្ច័យ​ក្នុង​ការកសាង​ព្រះវិហារ​ចំនួន ៣០០​ដុល្លារ និង​ជាវ​រូបសំណាក​គ្រុឌ​ចំនួន ២ អម​សងខាង​ជណ្តើរ​ខាងជើង​នៃ​ព្រះវិហារ ដែល​គិត​ជា​ថវិកា​ចំនួន ១៦០០​ដុល្លារ​អាមេរិក ទៀតផង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​