កងទ័ពជើងគោក បិទ​វគ្គ​ហ្វឺ​ក​ហ្វឺ​ន​ពលទាហាន​ថ្មី នៅ​សាលា​ពលទាហាន​ទី​៤ ខេត្ដ​សៀមរាប

(​សៀមរាប​)៖ សិក្ខាកាម​ពល​ទា​ហា​ថ្មី​បំពេញ​ក្របខ័ណ្ឌ​កងទ័ពជើងគោក​ឆ្នាំ​២០២០ ចំនួន​៣៩៥​នាក់​ក្នុងនោះ​ពលទាហាន​នារី​ចំនួន​១១​នាក់ ត្រូវបាន​បិទ​វគ្គ​ហ្វឺ​ក​ហ្វឺ​ន នៅ​សាលា​ពលទាហាន​ទី​៤ មិ​ត្ដ​ភាព​កម្ពុជា វៀតណាម ស្ថិតនៅ​ស្រុក​បន្ទាយស្រី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​នេះ ដើម្បី​បំពេញការងារ​នៅតាម​អង្គភាព​នានា ដែល​ចំណុះអោយ​នៅក្នុង​យោធ​ភាគ​ទី​៤ ។​

​លោក​ឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ មានប្រសាសន៍ថា វគ្គ​ហ្វឺ​ក​ហ្វឺ​នេះ មាន​រយៈពេល​៣​ខែ​ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ ។ ការហ្វឹកហ្វឺន​នេះ មាន​គោលបំណង​ហ្វឹកហាត់​ផ្នែក​ជំនាញ​ដល់​ពលទាហាន​ថ្មី បំពេញ​ក្របខ័ណ្ឌ​នាពេលនេះ ដើម្បី​ឲ្យ​ពលទាហាន​ទាំងអស់ យល់ច្បាស់​អំពី​របៀបរ​បប​សណ្តាប់ធ្នាប់ យល់ដឹង​នូវ​លក្ខ​ខ័​ន្តិ​កៈ បទ​វិន័យ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ លើ​ផែនទី និង​ត្រីវិស័យ ការប្រើប្រាស់​ស្ទាត់ជំនាញ​នូវ​អាវុធ​ថ្មើរជើង យុទ្ធវិធី​ក្នុងការ​វាយលុក ទប់ស្កាត់ ជាមួយ​សត្រូវ និង​វិធីសាស្ត្រ​ក្នុងការ​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ក្នុងការ​បំពេញបេសកកម្ម ជាពិសេស​លើកកម្ពស់​ស្មារតី សីលធម៌ អត្តចរិត​ថ្លៃថ្នូរ មាន​កាយសម្បទា​មាំមួន ។

​ក្នុងនោះ​ការបង្កើន​សមត្ថភាព​យ​ល់​ដឹង​អំពី​តួនាទី​ភារកិច្ច​ចាំបាច់ ក្នុងការ​ការពារជាតិ មាតុភូមិ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​មិនឱ្យ​ខ្មាំងសត្រូវ​ឈ្លានពាន​បាន​។​លោក​ឧត្ដមសេនីយ​បាន​បន្ដថា កម្មសិក្សាការី​ទាំងអស់​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្រេប​ជ​ញ្ច​ក់ យកចំណេះ​ដឹង ចំណេះធ្វើ​ពី​យោធា​ចា​រ្យ​សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​ជាក់ស្តែង​តាម​បណ្តា​កងឯកភាព​ក្រោយពេល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ឲ្យ​បាន​ទទួលបាន​ជោគជ័យ​។​ពលទាហាន​ទាំងអស់នេះ នឹង​បញ្ជូន​ទៅតាម​អង្គភាព​ផ្សេងៗ​នៅក្រោយ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​នេះ​។​

​លោក​ឧត្ដមសេនីយ៍ បាន​បន្ដទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​បាន​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​ការលំបាក​ខ្វះខាត ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​រដូវរងារ​មាន​អាវ​រង និង​បានចាត់ទុក​វិស័យ​ការពារជាតិ​ជា​វិស័យ​មួយ​មាន​អាទិភាព​ខ្ពស់បំផុត ក្នុងការ​ការពារ​សន្តិ​សុខ ស្ថេរភាព ជូន​ប្រទេសជាតិ​។ ឯកឧត្ដម​សេនីយ​បាន​កោតសរសើរ ចំពោះ​យោធិន​កម្មសិក្សាការី​ទាំងអស់​ដែល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ថែរក្សា ការពារ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​បានល្អ​ប្រសើរ ដោយបាន​គោរព​តាម​បទបញ្ជា របស់ រាជរដ្ឋាភិបាល និង​ការណែនាំ​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​_​ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ​ផ្លូវដង្ហើម កូ​វីដ ១៩ ដែល​កំពុង​រាតត្បាត​ទូទាំង​សកលលោក​។​

​ចំណែក​សិក្ខាកាម​ពលទាហាន​ថ្មី​ទាំងអស់ ពួកគេ​ក៍បាន​ប្ដេជ្ញា​ចិ​ត្ដ​នឹង​ទៅ​បំពេញ​តួនាទី​អ្នកជា​បំរើ​ជាតិ​មាតុភូមិ​អោយបាន​ខ្ជាប់ខ្ជួន​ផងដែរ ក្នុងការ​ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​មិនអោយ​សត្រូវ​ឈ្លានពាន​ទឹកដី​របស់​កម្ពុជា​ឡើយ​៕(​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​