ពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នូវអាគារសិក្សាថ្មី នៃសាលាបឋមសិក្សាប៊ូ ថង ទេសអន្លុង ក្នុងក្រុងបានលុង

(រតនគិរី)៖ អាគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ជាចំណងដៃឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ។ ពិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាប៊ូ ថង ទេសអន្លុង ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ក្រោមវត្តមានឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការអញ្ចើញចូលរួមពីសំណាក់អស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ទៀតផងដែរ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាដោយ មើលឃើញផលលំបាករបស់សិស្សានុសិស្ស ក្នុងការរៀនសូត្រ និងឆ្លើយតបតាមការ សំណូមពររបស់ប្រជាពលរដ្ឋ ទើបឯកឧត្តម បានសម្រេចផ្តល់ជូនអគារសិក្សាមួយខ្នងនេះ សម្រាប់ជាថ្នាល ផ្តល់ចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបញ្ជាក់ថាអគារសិក្សាថ្មីនេះសាងសង់ឡើងក្នុងទំហំ៩ ម៉ែត្រគុណ ៥៤ម៉ែត្រមានកម្ពស់២ជាន់ស្មើ១២បន្ទប់ជាការចំណាយថវិកាផ្ទាល់របស់ឯកឧត្តម និងការគៀរគរពី សប្បុរសជននានាដែលគ្រោងចំណាយប្រមាណជាង២៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយនឹងត្រូវប្រសិទ្ធនាមថាអគារ បឋមសិក្សា «មុី យោង» ជាឈ្មោះដើមឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ជាបិតាឯកឧត្តម ដែលជាស្ថាបនិកទីក្រុងបានលុងផង ដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី