គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ១៥​គ្រួសារ ក្នុងស្រុក​ប្រាសាទបាគង បានទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

(​សៀមរាប​)៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ លោកជំទាវ មាស សន អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សប្ប​រសធម៌ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​១៥​គ្រួសារ ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ក្នុងនាម ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា លោកជំទាវ សូម​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ការខូចខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ ដោយសារ​គ្រោះធម្មជាតិ​នេះ​។ ទន្ទឹម​នោះ លោកជំទាវ ក៏បាន​បង្ហាញ​ពី​ការ យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ជួប​ការលំបាក​ដោយ​មិន​ប្រកាន់​បក្ខពួក​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ណែនាំ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បង្ការ ទប់ស្កាត់ ជម្ងឺ​កូ​វិដ​១៩ ជាពិសេស​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំង​ធ្វើ​អនាម័យ​ជាប្រចាំ ត្រូវ​កាត់បន្ថយ​នូវ​ការជួបជុំ ប្រមូលផ្តុំ​គ្នា​ជានិច្ច​។​

​លោកជំទាវ ក៏បាន​ក្រើនរំលឹក ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវ​ត្រៀម លក្ខណៈ​សម្ភារៈ​ធ្វើ​កសិកម្ម ដើម្បី​បង្កបង្កើនផល​ឲ្យ​បាន​ទាន់​រដូវ​ធ្វើស្រែ ចំការ ។ ម្យ៉ាងទៀត​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន នៅពេល​ភ្លៀង ខ្យល់ ផ្គរ​រន្ទះ កុំ​ប្រើប្រាស់​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដូចជា​ទូរស័ព្ទ ជាដើម ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ចែកជូន​នាពេលនោះ ÷ ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ៣០​គ​.​ក , មី​១​កេស ,​ត្រីខ​១​យូរ , កន្ទេល ១ , ឃី​ត​១​កញ្ចប់ ,​អាវយឺត​២ ចំពោះ​គ្រួសារ​ផ្ទះ​រលំ បាន​បន្ថែម​នូវ ស័ង្កសី ១៦​សន្លឹក ថវិកា ២០​ម៉ឺន​រៀល និង គ្រួសារ​ផ្ទះ​របើក ដំបូល បន្ថែម​នូវ​ស័ង្កសី ១០​សន្លឹក និង​ថវិកា ១០​ម៉ឺន​រៀល​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​