សម្តេចតេជោ អំពាវនាវដល់ជនរួមជាតិ ឲ្យប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩

(ភ្នំពេញ)៖ ថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់ជនរួមជាតិ ឲ្យប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩។

 

សម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។

 

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រាននរំលឹក ដល់ប្រជាជនកម្ពុជា កុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។

សម្តេចបានរម្លឹកថា មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (៥,៤៩១,៦៧៨) ហើយស្លាប់ជាង30ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី2​នាក់ផងដែរ។

 

សម្តេចបានបន្ថែមទៀតថា មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។

 

បន្ថែមលើសពីនោះ សម្តេចតេជោ បានណែនាំឲ្យប្រជាពលរដ្ឋ បន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។

 

សម្តេចក៏បានស្នើដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា បន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕ ដោយ៖ កន ចំណាន