កិច្ចប្រជុំអំពីតួនាទី ភារៈកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានរៀបចំកិច្ចប្រជុំអំពីតួនាទី ភារៈកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកហោ ប៊ុនហួរ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករវៀង សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុករវៀងជាច្រើនរូបផងដែរ។

ឯកឧត្តម ឡុង សុវណ្ណ បានថ្លែងប្រាប់សមាជិកសមាជិកាគណបក្សស្រុកទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើការងារ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ បច្ចុប្បន្ននេះប្រទេសកម្ពុជា មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរជានិច្ចអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតែងតែចុះដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋទទួលបានជោគជ័យ ក្នុងការការពារសុខសន្តិភាព អធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្ស។

ឯកឧត្តមបានបន្តថា ដោយបច្ចុប្បន្នពិភពលោករបស់យើងកំពុងជួបវិបត្តិការរីករាលដាលជំងឺកូវីដ១៩ បណ្តាលឱ្យប្រទេសភាគច្រើនលើពិភពលោកបានប្រកាសបិតប្រទេស ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ ដែលជាកត្តានាំឱ្យប្រជាពលរដ្ឋជួបវិបត្តិក្នុងជីវភាព
រស់នៅ យ៉ាងណាមិញប្រជាពលរដ្ឋកម្ពុជាយើងក៏ដូចគ្នា បានជួបការលំបាកក្នុងជីវភាពរស់នៅ តែដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនៅវិធានការចាំបាច់នានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងវិបត្តិជំងឺកូវីដ១៩នេះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយដាច់ស្បៀងឡើយ។

ឯកឧត្តម ក៏បានអំពាវនាវសូមឲ្យសមាជិកសមាជិកាគណបក្សទាំងអស់ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខភិបាល៕