រដ្ឋបាលស្រុកប្រាសាទបាគង បានទទួលអំណោយពីសប្បរសធម៌ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានទទួលអំណោយសប្បុរសធម៌ពី លោក ស៊ិម ពិសិដ្ឋ ប្រធានអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន (HVTO) និងម្ចាស់ដៃគូរ A Drop of Life នូវគ្រឿងឧបភោគបរិភោគ សំភារៈ និងថវិការួមមាន÷ អង្ករចំនួន ១,២៥០ គ.ក, ទឹកត្រី ២៥យួរ , ទឹកស៊ីអ៊ីវ ២៥យួរ, ត្រីខ ២៥យួរ , សាប៊ូ ២៥ប្រអប់ និងថវិកា ៥០០,០០០រៀល សម្រាប់រដ្ឋបាលស្រុកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតក្នុងមូលដ្ឋាន អំឡុងពេល ដែលយើងទាំងអស់គ្នា កំពុង រួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 ។

ក្នុងនាមអភិបាលស្រុក លោកសូរ ប្លាតុង បានថ្លែងអំណរគុណ និងកោតសរសើរ ទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃរបស់លោក ស៊ិម ពិសិដ្ឋ និងសហការី ដែល
បានចូលរួមចំណែកជាមួយរដ្ឋបាលស្រុក ដើម្បីប្រយុទ្ធប្រឆាំង និងជំងឹឆ្លងកូរណា ហៅកូវីដ ១៩ ទោះបីជាសម្ភារ:បន្តិចបន្តួចក្តី តែក៏ជាទឹកចិត្តក្នុងការជួយគ្នាសម្រាប់គ្រាអាសន្ន និងចូលរួមចំណែកដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋកំពុងជួបការខ្វះខាតនាពេលបច្ចុប្បន្នផងដែរ ។ ចំពោះទឹកចិត្ត និងអំណោយជាគ្រឿងឧបភោគបរិភោគសម្ភារ:ប្រើប្រាស់ និងថវិកានេះ រដ្ឋបាលស្រុកនឹងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋឲ្យបានស្មើភាព សមធម៌ និងតម្លាភាព ដើម្បីឆ្លើយតបនឹងទឹកចិត្តដ៏សប្បុរសធម៌នេះ ។

លោកអភិបាលស្រុក តាំងនាមឲ្យប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង សូមជូនពរលោក ស៊ិម ពិសិដ្ឋ និងក្រុមគ្រួសារ ព្រមទាំងសហការីមានសុខភាពល្អ ជោគជ័យការងារគ្រប់ភារកិច្ច ៕

អត្ថបទ និងរូបភាព: លោកគឿន វេត
កែសម្រួលដោយ លីវ សុខុន