សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងរៀបចំកិច្ចប្រជុំ ប្រគល់ថវិកាវិភាគទាន អបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំ ប្រគល់ថវិកាវិភាគទាន របស់សប្បុរសជន ដែលបានចូលរួមចំណែកជាមួយនិងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ក៏បានលើកឡើងថា ទាំងនេះគឺជាកាយវិការទឹកចិត្ត ស្មោះសររបស់ សប្បុរជនដែលបានចូលរួមចំណែកជាថវិកាក្នុងការចូលរួមជាទឹកចិត្តមនុស្សធម៌ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ ជួបបញ្ហាផ្សេងៗ មានស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ កុមារងាយរងគ្រោះដោយសារមេរោគអេដស៍ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះ មហន្តរាយផ្សេងៗ។

ឯកឧត្ដមបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងនាំយកថវិកាទាំងអស់នេះ ជួយដល់ បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ទៅតាមខ្នងផ្ទះ នោះផងដែរ។

ក្នុងឱកាសនោះផងដែឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់ត្រូវតែបន្តចូលរួមផ្សព្វផ្សាយ អំពីបញ្ហាជម្ងឺកូវីត១៩ ជាបន្តទៀត ព្រោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោក មិនទាន់ព្យាបាលជាសះស្បោយអស់នៅឡើយទេ ទាំងនេះគឺជាការព្រួយបារម្មណ៍ របស់រាជរដ្ឋាភិបាល ចំពោះរលកទី ២ នៃជម្ងឺកូវី១៩ មកប្រជាពលរដ្ឋកម្ពុជាប្រសិនបើ បងប្អូនប្រជាពលរដ្ឋ ធ្វេសប្រហែស ដោយមិនមានការប្រុងប្រយ័ត្នខ្ពស់នោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ។

ថវិកាវិភាគទានរបស់សប្បុរសជនបានចូលរួមអបអរខូបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបានចំនួន ២៥ លាន ១៧ ម៉ឺនរៀល និង១៧,២៩០ ដុល្លាសហរដ្ឋអាមេរិច៕