លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) រៀបចំប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០

(សៀមរាប)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំង មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទិរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប ៥៩នាក់ ស្រី ៣៧នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ និងការបង្កើនផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព តាមរយៈសារ ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាប្រឈមពាក់ព័ន្ធសកម្មភាពដែលបានអនុវត្តជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ផ្អែកទៅតាមបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លោកស្រី យូ សុភា អប្រធានលេខាធិការដ្ឋាន បានកំណត់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖

១. បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ធ្វើការកំណត់គោលដៅអាទិភាព ចំពោះគ្រួសារក្រីក្រ១ ក្រីក្រ២ ក្រីក្រ៣ និងពិសេសបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ។
២. ការផ្តល់ជំនាញវិជ្ជាជីវៈ ឬជំនាញផ្នែកសិកម្ម ដើម្បីឲ្យបងប្អូនអាចធ្វើការផ្គតផ្គង់សម្រាប់ជីវៈភាពគ្រួសាររបស់គាត់ក្នុងដំណាក់កាលនេះ។
៣. ជំរុញដល់ក្រុង ស្រុក ធ្វើការពិនិត្យ និងជំរុញបន្ថែមទៅដល់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងការសិក្សារបស់កុមារតាមខ្នងផ្ទះ (តាមរយៈការសិក្សានៅតាមប្រព័ន្ធអនឡាញ)។
៤. ជំរុញលើការពង្រឹងលើការតាមដាន និងបង្ក្រាបលើមេខ្យល់ នាំចេញប្រជាពលរដ្ឋទៅក្រៅប្រទេស ដោយខុសច្បាប់នៅក្នុងដំណាក់កាលកូវីដ។
៥. ស្នើសុំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ តើអាចបើកដំណើរការបានទេ បើបានគួរបានរៀបចំតាមស្តង់ដារត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
៦. បានជំរុញឲ្យពង្រឹងលើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បន្ថែមទៀត ៕

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ លីវ សុខុន