ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ និង​ប្រគល់​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​- ១៩ ដល់​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​២​កន្លែង ក្នុងស្រុក​សូទ្រនិគម

(​សៀមរាប​)៖ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ ចុះសួរសុខទុក្ខ និង​ប្រគល់​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​- ១៩ ដល់​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព ពពេល និង​សំរោង ស្ថិត​ក្នុងស្រុក​សូទ្រនិគម ព្រមទាំង​ជួប​សួរសុខទុក្ខ អ្នក​ម្ដាយ​ទើប​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ទាំងពីរ​នេះ​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ នៃ​មណ្ឌល​សុខភាព​ទាំងពីរ លោកជំទាវ​ទាង អេង ទៀ សីហា បានធ្វើការ​វាយតម្លៃ​ខ្ពស់ ពី​ការខិតខំ​របស់​ក្រុមគ្រូពេទ្យ​នៅទីនេះ ដែល​បាន​យកចិត្តទុកដាក់ ផ្ដល់​សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ និង ផ្ដល់​ទំនុកចិត្ត​លើ​សេវា​សុខាភិបាល​នៅ​កម្ពុជា​។

​លោកជំទាវ គូសបញ្ជាក់ថា នេះ​ជា​លើក​ទី​២ តាម​ការណែនាំ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងការ​ផ្សព្វផ្សាយ អំពី​ការប្រយុទ្ធប្រឆាំង​បង្ការ ទប់ស្កាត់​រលក​ទី​២ នៃ​ជម្ងឺ​កូ​វិដ​១៩​នៅ​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ក្រុមគ្រូពេទ្យ និង អាជ្ញាធរ​មូលដ្ឋាន​។ ទោះបី​កម្ពុជា​យើង​បាន​ឆ្លង​ផុត​ដំណាក់កាល​ទី​១​ពិតមែន តែ​ពេល​ថ្មីៗ​នេះ​ក៏មាន​រលក​ទី​២ នៃ​ជម្ងឺ​កូ​វិដ​១៩ ដែល​នាំចូល​មកពី​ក្រៅប្រទេស​ចំនួន​២​ករណី​បន្ថែមទៀត​។ ក្រោម​ការយកចិត្តទុកដាក់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើប​សាខា​កាកបាទក្រហម​ខេត្ត នាំមក​នូវ សម្ភារៈប្រើប្រាស់​មួយចំនួន ផ្តល់ជូន​ដល់​មណ្ឌល​សុខភាព​ទាំងពីរ ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជម្ងឺឆ្លង​កូ​វិដ​១៩ នៃ​រលក​ទី​២​នេះ ។​

​អំណោយ​ដែល​ប្រគល់ជូន​មណ្ឌល​សុខភាព​ទាំងពីរ​នាពេលនោះ រួមមាន​: ម៉ាស់ , ស្រោមដៃ , អាល់កុល​, ក្រមា និង​របាំងមុខ ។ ដោយឡែក អ្នក​ម្ដាយ​ទើប​សម្រាល​កូនតូច និង​អ្នក​ជម្ងឺ សម្រាក​នៅក្នុង​មណ្ឌល​សុខភាព ម្នាក់ៗ ទទួលបាន ឃី​ត ១​កញ្ចប់ ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផងដែរ ៕(​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​