កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ៦៦​គ្រួសារ ក្នុងស្រុក ២ ខេត្តសៀមរាប

(​សៀមរាប​)៖ គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ៦៦​គ្រួសារ មកពី​ស្រុក​ស្វាយ​លើ និង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០២០ នា​បរិវេណ​សាលាឃុំ ពពេល ស្រុក​សូទ្រនិគម ។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​សូទ្រនិគម មាន​៥៩​គ្រួសារ ក្នុងនោះ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន ១០​គ្រួសារ​, ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ ៤៩​គ្រួសារ និង​រងរបួស​១​នាក់​។ ដោយឡែក គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ស្វាយ​លើ មាន ៧​គ្រួសារ ក្នុងនោះ រលំ​ផ្ទះ​ទាំងស្រុង ១​គ្រួសារ និង​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ ៦​គ្រួសារ​។​

​ក្នុងឱកាស​នោះ ក្រោម​វត្តមាន​ពី​សំណាក់ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ នៃ​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត ប្រធាន​អនុសាខា​កាកបាទក្រហម ស្រុក​សូទ្រនិគម ស្រុក​ស្វាយ​លើ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត បាន​នាំយក​នូវ​ប្រសាសន៍​សួរសុខទុក្ខ និង​ចូលរួម​សោកស្ដាយ ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងពីរ​នេះ​។ ទន្ទឹម​នោះ ឯកឧត្តម​ក៏បាន​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន​ពី​ការប្រែប្រួល​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ត្រូវ​ត្រៀម​បង្ការ ចំពោះ​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ដែល​អាច​កើតឡើង​ជាយថាហេតុ​នាពេលខាងមុខ​បន្ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ និង ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សំខាន់​ត្រូវធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ លាងដៃ​នឹង​ទឹកសាប៊ូ​ឲ្យ​បាន​ស្អាត​ជាប្រចាំ ឬ អាល់កុល ជែ​ល និង ពាក់​ម៉ាស (​ក្នុង​ទីសាធារណៈ​) ឬ ប្រើ​ក្រមា និង ក្រដាស​ជូត​មាត់​ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្តាស់ និង រក្សា​គម្លាត​សុវត្ថិភាព ។​

​សូមជម្រាបថា អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​រួមមាន​: មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , តង់​១ , មី​១​កេស ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម សម្រាប់​គ្រួសារ​នីមួយៗ ជាមួយគ្នា​នោះ​គ្រួសារ​រលំ​ផ្ទះ ទទួល​ថវិកា ២​សែន​រៀល និង គ្រួសារ​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ ថវិកា ចំនួន​១​សែន​រៀល រួមទាំង​អ្នករងរបួស​ផងដែរ​៕(​ដោយ​៖ មន្ទីរ​ព័ត៌មាន​មាន​ខេត្តសៀមរាប​)​