អភិបាលស្រុកអូរាំងឪ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកជូន ប្រជាពលរដ្ឋដែលងាយរងគ្រោះ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំ សមាជិក គណៈកម្មាធិការសាខា និងអនុសាខាស្រុក និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជូនប្រជាពលរដ្ឋជនងាយរងគ្រោះចំនួន ៣១គ្រួសារ ឃុំគងជ័យ ២០គ្រួសារ និងឃុំអំពិលតាពក ១១គ្រួសារ ស្ថិតនៅស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

នៅក្នុងឱកាសនោះ ងួន ប៊ុណ្ណាន បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងអនុសាខាកាកបាទស្រុកអូរាំងឳ ដោយទទួលបាននូវព័ត៌មានពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ កំពុងជួបការលំបាក។

ជាមួយគ្នានោះ លោក ងួន ប៊ុណ្ណាន ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូរ ខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា»។

លោកអភិបាលស្រុក បានបញ្ជាក់ផងដែរថា ដោយសារការឆ្វេងយល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តស្ថិតក្នុងចំនួនតិចតួច ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លូននោះឡើយ ជាពិសេសរក្សាអនាម័យជាប់ជានិច្ច ក្នុងយុទ្ធនាការប្រយុទ្ធ ដោយបន្តការពារ រលកទី ២ នៃការចម្លងវីរុស កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋជនងាយរងគ្រោះ ចំនួន៣១គ្រួសារ ដោយក្នុង០១គ្រួសារឯទទួលបាន អង្ករ២៥គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ ០១យួរ ប្រេងឆា០១ដប ត្រីខ០១ឡូតិ៍
ម៉ាស់០១ដុំ អាកុល១ដប និងថវិកា ២០,០០០រៀល ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ