មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ចុះសួរសុខទុក្ខ ផ្តល់ថវិកាជូនជនចាស់ជរា និងពលរដ្ឋជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាឱកាសពិធីបញ្ចប់បួសរ៉ាម៉ាឌន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កៅ អុីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ បានចុះសួរសុខទុក្ខ ចែកថវិកានាំជូន លោកតា លោកយាយចាស់ជរា និងពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល។

ឱកាសបុណ្យរ៉យ៉ាអុីទីលហ្វីតទ្រី ឯកឧត្តម កៅ អុីមរ៉ន បានកោតសរសើរចំពោះសាសនិកឥស្លាមនៅទូទាំងខេត្តត្បូងឃ្មុំ ដែលអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់បញ្ហាជម្ងឺកូវីដ១៩ ក្នុងនោះបានសហការគ្នា ផ្អាករាល់ពិធីជួបជុំផ្សេងៗក្នុងពិធីបួសរ៉ាម៉ាឌនកន្លងទៅ ក៏ដូចជាពិធីថ្វាយបង្គុំរ៉យ៉ាអុីទីលហ្វីតទ្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយបងប្អូនបានអនុវត្តនៅតាមផ្ទះរៀងៗខ្លួន។

ឯកឧត្តមបន្តថា ការមិនប្រតិបត្តិពិធីនេះបែបផ្តុំគ្នា ដោយមូលហេតុចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ គឺមិនមានអ្វីប៉ះពាល់ដល់ក្បួនច្បាប់នៃក្របខណ្ឌឥស្លាមទេ តែផ្ទុយទៅវិញបងប្អូនកាន់តែទទួលបានផលបុណ្យ ពីការអត់ធ្មត់ និងផលបុណ្យនៃការគោរពគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក៏ដូចជាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ឯកឧត្តម ក៏បានផ្តាំផ្ញើណែនាំឲ្យបងប្អូប្រជាពលរដ្ឋរត្រូវមានអនាម័យជាប់ជានិច្ច ត្រូវការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក៏ដូចជាអំពាវនាវ ដល់បងប្អូនទាំងអស់ ខិតខំប្រកបរបរបន្ថែមទៀត ដូចជាការដាំបន្លែផ្លែឈើនៅតាមផ្ទះជាដើម ដើម្បីជួយកាត់បន្ថយក្នុងការចំណាយប្រចាំថ្ងៃរបស់បងប្អូន ធ្វើឲ្យជីវភាពប្រសើរឡើង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ