សិក្ខាកាមពលទាហានភូមិភាគទី៤ ជិត៤០០នាក់ ហ្វឹកហាត់បាញ់គ្រាប់ពិត !

(សៀមរាប)៖ សិក្ខាកាមពលទាហានថ្មីក្រមខ័ណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះមានពលទាហានជាស្ដ្រីចំនួន១១នាក់ផងដែរ បានហ្វឹកហាត់បាញ់គ្រាប់ពិត ដើម្បីយល់ដឹងពីតួនាទីភារៈកិច្ច និងយុទ្ធសាស្ដ្រខ្លះៗក្នុងជួរកងកម្លាំងយោធា។ ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ក្រោមអធិបតីយភាព លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការរងកងទ័ពជើងគោក ។

ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះថា សិក្ខាកាមពលទាហានទាំង៣៩៥នាក់នេះ ជាពលទាហានក្រមខ័ណ្ឌថ្មីនៃកងទ័ពជើងគោកឆ្នាំ២០២០ ដែលបានធ្វើការហ្វឹកហ្វឺនរយ:ពេលបីខែ នៅសាលាពលទាហានមិត្ដភាព កម្ពុជា វៀតណាម ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ លោកឧត្ដមសេនីយបានបន្ថែមថា មេរៀនដែលទើបចាប់ផ្ដើមលើកដំបូងនេះ ជាមេរៀនទី១ ដែលសិក្សារយៈពេលបីខែទាំងទ្រឹស្ដី និងហាត់បាញ់គ្រាប់ពិតនៅជាក់ស្ដែង ដែលលោកឧមសេនីយថា លទ្ធផលនៃការអនុវត្ដបានទួលបានលទ្ធផលល្អអាចទទួលយកបាន ។ លោកថា ការហ្វឹកហាត់ធ្វើឡើង ដើម្បីអោយសិក្ខាកាមពលទាហានបានយល់ពីតួនាទីនិងយុទ្ធវិធីបាញ់គ្រាប់ពិត ក្នុងជួរកងកម្លាំងយោធា មុនពេលពួកគាត់ចាកចេញពីសាលាហ្វឹកហ្វឺនទៅកាន់តាមបណ្ដាអង្គភាពផ្សេងៗ។

លោក បានបន្ថែមថា ការបាញ់ស៊ីបគ្រាប់ពិតនេះមានពីរគោលដៅ ដែលមានចំងាយយ១០០ម៉ែត្រ និងចំងាយ១៥០ម៉ែត្រ ។ ការហ្វឹកហាត់នេះជាលើកទីមួយ ដែលជាការបាញ់គ្រាប់ពិតមេរៀនទី១ កាំភ្លើងអាកា៤៧តាមលទ្ធផលបណ្ដោះអាសន្នត្រួតពិនិត្យបាន១០០នាក់លទ្ធផលពូកែ៨នាក់ គ្រាន់បើ៣២នាក់មធ្យម៥៥នាក់ធ្លាក់៥នាក់។ អ្នកពូកែត្រូវបានមេបញ្ជាការយោភូមិភាគទី៤បំពាក់ផ្កា កន្សែងពោះគោ១ និងថវិកា៥០០០០រ។លោកបានសំណូមពរដល់ពលទាហានទាំងអស់ចូលរួមហ្វឹកហាត់បាញ់គ្រាប់ពិតអោយមានថ្វីដៃខ្លាំងពូកែ និងប្រសិទ្ធិភាព ខ្ពស់ ដើម្បីចូលរួមការពារទឹកដី និងសូមអោយមានភាពស្មោះត្រង់ជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។

សូមជម្រាបថា ការហ្វឹហាត់នេះ ធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប៕  អត្ថបទ និងរូបភាព:លោក បូ សាវី កែសម្រួលដោយ លីវ សុខុន