៣​ចំណុច ជា​វិធានការ ការពារ​រលក​ទី​២ នៃ​វីរុស​កូ​វីដ​១៩ ដែល​ម្ចាស់​ភោជនីយដ្ឋាន​ត្រូវអនុវត្ត​ជា​ចាំបាច់ បើ​មិន​ដូច្នោះ​ប្រឈម​ទៅនឹង​ការបិទ​អាជីវកម្ម

(​សៀមរាប​)៖ ទាំង​អ្នក​ចំអិនម្ហូប​អាហារ ទាំង​អ្នក​បំរើសេវា​នៅតាម​បណ្តា​ភោជនីយដ្ឋាន​ទាំង​តូចក្តី​ធំក្តី ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ឱ្យបាន​នូវ​វិធានការ​បី​ចំណុច​ដែល​មន្ត្រី​សុខាភិបាល​បាន​ពន្យល់​ណែនាំ ដូចជា ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ​ទាំង​អ្នក​ចំអិនម្ហូប​អាហារ និង​អ្នកបំរើ​សេវា​ដល់​អតិថិ​ជន​ដែល​មក​បរិភោគ​នៅក្នុង​ទីកន្លែង​របស់ខ្លួន​ចៀសវាង​តំណក់​ទឹកតូចៗ​ខ្ជា​ត់​ចេញពី​មាត់​យើង​ទៅលើ​ម្ហូបអាហារ​, ត្រូវដាក់​អាល់កុល​ឬ​ជែ​ល​លាងដៃ សម្រាប់​អតិថិជន​សំអាត​ដៃ​មុន និង​ក្រោយ​បរិភោគ​, ត្រូវ​រៀប​តុ​កៅអី​ដោយ​រក្សា​គម្លាត​សុវត្ថិភាព មិនត្រូវ​រៀប​តុ​កៅអី​ចង្អៀត​ណែន​ជាដាច់ខាត​។

​នេះ​បើតាម ការពន្យល់​ទៅកាន់​អាជីវករ​លក់ដូរ​ម្ហូប​នំចំណី​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ របស់ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យ​ឱសថ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ។ លោកស្រី លី វណ្ណៈ មានប្រសាសន៍ថា​៖​ក្រោម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក៍​ដូចជា​ក្រសួងសុខាភិបាល នៅ​ថ្នាក់​ខេត្ត ក៏បាន​បង្កើត គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​- ១៩​ខេត្ត កាលពី​ថ្ងៃទី​១០ ខែមីនា កន្លងទៅ ដែលមាន​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​- ១៩​ខេត្តសៀមរាប ។​

​ហើយ​ការ​ចុះមក​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ​សាធារណៈ​នាពេលនេះ ក៏​អនុវត្តតាម​ការណែនាំរ​បស់ ឯកឧត្តម ប្រធាន គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​- ១៩​ខេត្ត ដើម្បីឱ្យ​បងប្អូន​ជ្រួតជ្រាប​ពី​វិធានការ បង្ការ ការពារ ទប់ស្កាត់ ដើម្បី​ចៀសវាង​រលក​ទី​២​នៃ​វីរុស​កូ​វីដ​១៩ ឆ្លង​ចូលទៅក្នុង​សហគមន៍ ។ លោកស្រី​បន្តថា​៖​ក្រោយពី​ផ្សព្វផ្សាយ​ហើយ មន្ត្រី​ក្រុមការងារ​នឹង​តាម​ពិនិត្យមើល ថា​តើ​បងប្អូន​អ្នកលក់ដូរ​គាត់​អនុវត្តបាន​ឬ​មិនបាន​ទៅលើ​វិធានការ​បី​ចំណុច​នោះ ប្រសិនជា​គាត់​ពុំ​ព្រម​អនុវត្តតាម​ទេ ក្រុមការងារ​នឹងធ្វើ​របាយការណ៍​រាយការណ៍​ជូន​អភិបាលខេត្ត ដើម្បី​មាន​វិធានការ និង​សុំ​គោលការណ៍​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន អាច​មួយ​សប្តាហ៍ មួយខែ ឬ​ទាល់តែ​ចប់​វិបត្តិ​ដោយ​កូ​វីដ​១៩ ទៅតាម​ទំហំ​នៃ​ការអនុវត្ត​របស់គាត់ ។​ក្រុមការងារ​នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ភោជនីយដ្ឋាន នានា​ក្នុង​ទូទាំង​ក្រុង​សៀមរាប និង​ទាំង​តាម​បណ្តា​រមណីយដ្ឋាន នៅក្នុង​តំបន់​ទេសចរណ៍​ផងដែរ​៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប)