អាជ្ញាធរ​ស្រុក​ក្រឡាញ់ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ត្រឡប់​ទៅ​រស់​នៅតាម​មូលដ្ឋាន​វិញ បន្ទាប់ពី​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយ​:​ពេល​១៤​ថ្ងៃ​

​( សៀមរាប​)៖ នៅថ្ងៃ​ព្រហស្បតិ៍ ១៥ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ស្រុក​ក្រឡាញ់ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ត្រឡប់​ទៅ​រស់​នៅតាម​មូលដ្ឋាន​វិញ បន្ទាប់ពី​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយ​:​ពេល ១៤​ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​ពី​ប្រទេសជិតខាង ដើម្បី​ពិនិត្យ តាមដាន​ស្ថានភាព​សុខភាព​លើ​ករណី​បង្ការ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី (​កូ​វីដ​- ១៩ ) អាជ្ញាធរ​ស្រុក បានអនុញ្ញាត​ឲ្យ​ពួកគាត់​ទៅកាន់​លំនៅដ្ឋាន​វិញ​ចំនួន ២៣ នាក់ ស្រី ១១​នាក់ បន្ទាប់ពី​មិនបាន​រកឃើញ​មាន​រោគសញ្ញា​សង្ស័យថា​មាន​មេរោគ​។​

​លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក សុខ ណា​រ៉េត អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​តំណាង​លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ស្រុក​ក្រឡាញ់ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​កា​តិ​យា​ល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ លោក​អធិការរង មេបញ្ជាការរង​កងក​ម្លាំ​ង​ប្រដាប់អាវុធ លោក សឺ​ន ម៉ៅ ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​ស្រុក ក្រុមការងារ​ច​ត្តា​ឡី​ស័ក បាន​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការអត់ធ្មត់ តស៊ូ ក្នុងការ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប រហូតដល់​ការអនុវត្ត​ដាក់​ឲ្យ​បងប្អូន​នៅ​ដាច់ដោយឡែក​រយ​:​ពេល ១៤​ថ្ងៃនេះ រហូត​បានបញ្ចប់​ដោយ​ជោគជ័យ​។

លោក​អភិបាលរង​ស្រុក​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បងប្អូន​កុំ​ជឿ​ពាក្យ​ល្បួងលួងលោម​របស់​មេខ្យល់​ថា​អាច​ជូន​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​នៅក្នុង​កាលៈទេសៈ​និង​ស្ថានភាព​នៃ​ការ​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ សូម​បន្ត​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ​ព្រមទាំង​ប្រកប​របរ​បន្ទាប់បន្សំ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​បង្កបង្កើន​ផលដំណាំ ដាំ​ដុះ ចិញ្ចឹមសត្វ គ្រាន់​បាន​បេះបោច​កំដរ​ឆ្នាំង​និង​កាត់បន្ថយ​ចំណាយ​ប្រចាំ​ថ្ង ជាពិសេស​គឺ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ថែទាំ​សុខភាព​ដោយ​ធ្វើ​អនាម័យ សំអាត​ខ្លួនប្រាណ ដោយ​សាប៊ូ អាល់កុល អនាម័យ​ម្ហូបអាហារ និង​ជៀង​វាង​ការជួបជុំ​ចំនួន​មនុស្ស​ច្រើ​ឲ្យ​បានជា​ដាច់ខាត​ក្នុងការ​បង្ការ ទប់ស្កាត់​ជំងឺ​នេះ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គំលាត​សុវត្ថិភាព​៕ ដោយ៖ ​រដ្ឋបាល​ស្រុក​ក្រឡាញ់​