រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការអនុវត្តគម្រោងសាង សង់សារមន្ទីរថាមពល កើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត

(កំពត)៖នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ
ពិគ្រោះយោបល់ ស្ដី ពី កិច្ចសហការ និង សិក្សា ផលបះពាល់ ក្នុងការអនុវត្ត គម្រោង សាងសង់ សារមន្ទីរ ថាមពល កើតឡើងវិញ និងឧទ្យាជាតិ សម្ដេច ហ៊ុន សែនកំពត ។ កិច្ច ប្រជុំ នេះស្ថិតក្រោមអធិបតីភាព ឯកឧត្ត ម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋ មន្ត្រី និងជាអគ្គនាយក អគ្គិសនី កម្ពុជា ឯកឧត្ត ម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីដែលជាតំណាងក្រសួង មន្ទីរ អង្គភាព និងអាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ ។

គោលបំណងកិច្ចប្រជុំ នេះផ្ដោតសំខាន់លើការចូលរួមពិគ្រោះយោបល់ពីអ្នក ពាក់ព័ន្ធ សិក្សាពីផលបះពាល់ និងជំរុញអោយមានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈានដល់ការបើកផ្លូវអោយគម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគទាននៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។

គម្រោង សាងសង់សារមន្ទីរថាមពលកើតឡើងវិញនិងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែលមានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស”បូកគោ” លើផ្ទៃដីកោះទំហំ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។

ទោះបីយ៉ាងណាគម្រោងនេះ នៅមិនទាន់ ឲ្យដឹងពីទំហំនៃការប្រើប្រាក់ ថវិកានៅឡើយ ប៉ុន្តែទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានសំដែងការគាំទ្រដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។

ឯកឧត្តមកែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវ៉ារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ជាសាធារណជនទូទៅ នៅពុំទាន់មាននៅឡើយទេ។

ដូច្នេះគោលដៅនៃគម្រោងនេះដែរ គឺផ្តោតសំខាន់លើបញ្ហាពីរ គឺទី១សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅ តាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់មកកំសាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។

ទី ២ ការដាក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិអន្តរជាតិឬក៏ឲ្យប្រជាពលរដ្ឋមកកំសាន្តនៅតំបន់នេះកាន់តែច្រើននិងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។

ឯកឧត្តមកែវ រតនៈក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញនិងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ឬព្រះអាទិត្យបន្ថែមទៀតយើងនឹងអាចកែប្រែឡើងវិញ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត