សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនសាសនិកឥស្លាមក្រីក្រក្នុងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាធិការនៃគណៈកម្មការទី៥ ភូមិភាគ២ និងលោក ហុីម កំរី អនុប្រធានសមាគមកូប្រ៉ាស៊ីមូស្លីមកម្ពុជា អមដំណើរដោយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រចំនួន៧០គ្រូសារ នៃចុងខែរ៉ម៉ាឌន ដែលស្ថិតនៅភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ឆាយ វណ្ណា បានណែនាំដល់បងប្អូនសាសនិកឥស្លាមទាំងអស់ ចំពោះការអនុវត្តការបួសតមអាហារ តាមច្បាប់សាសនាឥស្លាម ព្រមទាំងក្រើនរំលឹកឲ្យប្រជាពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស់ ទឹកអាល់កុល និងជែលសម្លាប់មេរោគ ដោយដុសលាងសម្អាតដៃ និងរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការ ការពារ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ លោក ហ៊ីម កំរី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តការទប់ស្កាត់ការពារបន្ថែមទៀត ”ស្របពេលដែលត្រូវគោរពតាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាពិសេសបងប្អូនដែលមកពីក្រៅប្រទេស ចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យ អោយបានខ្ជាប់ខ្ជួន ហើយដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩។

សូមជម្រាបដែរថា សមាគមកូប្រ៉ាស៊ីមូស្លីមកម្ពុជា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍកសាងធនធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រា ប្រជាពលដ្ឋក្រីក្រ និងកំពុងសាងសង់មជ្ឃមណ្ឌលពីរនៅខេត្តត្បូងឃ្មុំ ព្រមទាំងបានចែកអាស្រាយបួសខេត្តត្បូងឃ្មុំនិងទូទាំងប្រទេសច្រើនជាង ៦២០២កញ្ចប់ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត។

សួមបញ្ជាក់ដែរថា កញ្ចប់អាហារស្រាយបួស ចែកជូនចំនួន៧០គ្រួសារឥស្លាមក្រីក្រ ក្នុងមូយគ្រូសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ដោយសរុបថវិការទាំងអស់ចំនួន ៤លាន២សែនរៀល ដែលទទូលបានមកពីសប្បុរសជនប្រទេសអារ៉ាបីសាអូឌីត តាមរយៈ សមាគមកូប្រ៉ាស៊ីមូស្លីមកម្ពុជា ដែលមាន លោក អើស្អារី ពិនសល់ឡេះ ជាប្រធាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ