សាខាកាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៦០ គ្រួសារនៅស្រុកបាធាយ

(កំពង់ចាម)៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយ អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន អំពីការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូន ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ ។

ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥ គីឡូក្រាម , ទឹកសុីអុីវ ០១ យួរ , ទឹកត្រី ០១ យួរ, ត្រីខ ១០ កំប៉ុង , ម៉ាស់ ០៥ បន្ទះ និងថវិកា ២០,០០០ រៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម