កសិករសប្បាយចិត្ត ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបបាន ព្រោះមានទីផ្សារច្រើន

(ព្រៃវែង)៖ បង្គងអូស្រ្តាលីទឹកសាប គឺជាប្រភេទបង្កងមួយប្រភេទ ដែលបាននឹងកំពុង ទាក់ទាញទីផ្សារ ដល់ប្រជាពលរដ្ឋ ដែលគាត់ចិញ្ចឹមបង្កងមួយនេះ។ ដូច្នេះក៏បានជំរុញចិត្ត ដល់លោក ពូ យុន សុផល ដែលជាមន្ត្រីរាជការចូលនិវត្តន៍ ចាប់យកអាជីព ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះ ក្នុងការរកប្រាក់ចំណូលបន្ថែម បន្ទាប់ពីប្រាក់ខែចូលនិវត្តន៍របស់គាត់នោះផងដែរ។

លោក ពូ ក៏បានលើកឡើងបញ្ជាក់ផងដែរថាការចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបនេះ គឺមានភាពងាយស្រួលមិនពិបាកប៉ុន្មាននោះទេ ហើយសព្វថ្ងៃនេះទីផ្សារក៏ងាយស្រួលក្នុងការលក់ដូរនោះផងដែរ ដោយឲ្យតែមានបង្កងលក់គឺមានគេយកអស់ៗតែម្ដង។

លោកពូ ក៏បានបន្តទៀតថា សព្វថ្ងៃនេះ គាត់មិនទាន់បានឈានទៅដល់ការចិញ្ចឹម បង្កងលក្ខណៈយកសាច់លក់ផ្គត់ផ្គង់ទីផ្សារនោះទេក៏ប៉ុន្តែគាត់បានចិញ្ចឹមនេះគឺបង្កាត់ពូជដោយគាត់លក់ជាកូន និងមេបាពូជ តែប៉ុណ្ណោះ ហើយគាត់នឹងបន្តជំរុញបង្កើតអាងដើម្បីចិញ្ចឹមបង្កងសាច់លក់ដូរនៅពេលខាងមុខនោះផងដែរ។

លោកពូក៏បានលើកឡើងផងដែរថាចំពោះកូនបង្កង ដែលគាត់លក់ គឺ ក្នុងមួយខែជាមធ្យម បាន ១៥០០ កូន ហើយចំណែកមេបាពូជបានចំនួន ១២០ ក្បាល ដោយកូនបង្កងមួយក្បាលតម្លៃ ២ពាន់រៀល ហើយមេបាពូជក្នុងមួយគូតម្លៃ ១០ ដុល្លារ។ លោកពូបានបញ្ជាក់ថាចំពោះការកម្មង់ទិញពូជកូនបង្កងនិងមេបាពូជ ច្រើនមកពីខេត្ដមណ្ឌលគិរី រតនៈគីរី ក្រចេះ។

លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានដីទំនេសូមងាកមកបង្កើតមុខរបរដូចគាត់ឬមុខរបរផ្សេងទៀតដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមលើប្រាក់ចំណូលដែលយើងមានប្រចាំថ្ងៃនោះផងដែរ។

លោកអ៊ុក សំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថាសព្វថ្ងៃការចិញ្ចឹមបង្កងរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែងពុំសូវសំបូរអ្នកប្រកបរបរនេះទេទើបតែមានគ្រួសារមួយនៅក្នុងភូមិ៤សង្កាត់កំពង់លាវ ក្រុងព្រៃវែងចាប់យករបរនេះដោយបានដំណើរជាង១ឆ្នាំមកហើយ ឃើញថាទីផ្សារនិងការចិញ្ចឹមបង្កងរបស់គ្រួសារនេះចេះតែរលូនទៅមុខពុំមានការរាំងស្ទះអ្វីឡើយហើយក្នុងនាមមន្ទីរជំនាញសូមធ្វើការគាំទ្រដល់កសិករណាដែលមានបំណងប្រកបរបរចិញ្ចឹមបង្កងនិងថែមទាំងផ្តល់មន្ត្រីជំនាញចុះទៅង្ហាត់បង្ហាញបច្ចេកទេសពីរបៀបក្នុងចិញ្ចឹមបន្ថែមទៀតផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង