ប្រជាពលរដ្ឋ​៩៩​គ្រួសារ ក្នុងចំណោម​១០៤៥​គ្រួសារ រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ស្រុក​ជាំ​ក្សាន្ត បាន​ចូលចាប់​ឆ្នោត​ទទួលយក​ដី​កសិកម្ម​ជំ​ហ៊ាន​ដំបូង ពី​អាជ្ញាធរ​ខេត្តព្រះវិហារ​

(​ព្រះវិហារ​)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែឧសភា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួលយក​លេខ​ដី​ឡូ​តិ៍ក​សិ​កម្ម ជូន​ប្រជាពលរដ្ឋ​ចំនួន​៩៩​គ្រួសារ ក្នុងចំណោម​១០៤៥​គ្រួសារ រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែលជា​ដី​សម្បទាន​សង្គមកិច្ច រាជរដ្ឋាភិបាល​បានប្រគល់​ជូន តាមរយៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់​ព​ន្ធ័ និង​អជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ជាច្រើនរូប​ទៀត​។​
​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែងថា ដី​ឡូ​តិ៍ក​សិ​កម្ម​ដែល​ប្រគល់ ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ផ្តើមចេញពី​អនុក្រឹត្យ​លេខ ០២ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​តំបន់​សហគមន៍ ស្ថិតក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព លើ​ផ្ទៃដី​ចំនួន ៥,០០០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​យាង និង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។​

​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ថា ខេត្តព្រះវិហារ​ទទួលបាន​អនុក្រឹត្យ​កំណត់​តំបន់​សហគមន៍​ក្នុង​ឆ្នាំ​២០១៦ ក្នុង​អាណត្តិ​អភិបាលខេត្ត​មុនៗ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២០​ក្នុង​អាណត្តិ របស់​ឯកឧត្តម​ជា​អភិបាលខេត្ត បាន​ចាត់តាំង​ក្រុមការងារ​គណៈកម្មាធិកា​របែង​ចែក និង​ប្រើប្រាស់​ដី​ខេត្ត រៀបចំ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច (​ដី​កសិកម្ម​) ជូន​ប្រជាពលរដ្ឋ ចំនួន​១០៤៥​គ្រួសារ ដែល​បានទទួល​ដី​លំនៅដ្ឋាន​ក្នុងភូមិ​ធម្មជាតិ​រួចហើយ​។​
​ឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹង​ទៀតថា ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី​របស់ខ្លួន ហើយ​បាតុភាព​រំលោភបំពាន លើដី​ធ្លី ដែល​ធ្លាប់​ជួបប្រទះ​នៅពេល​មុនៗ នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​។ ទន្ទឹមនេះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​កសិកម្ម​២​ហិកតា​នេះ មាន​សិទ្ធ​ប្រើប្រាស់​អាស្រ័យ ផល​ផ្តាច់មុខ និង​ទូលំទូលាយ​ដោយ​កុំឱ្យ​យក​ដី​នេះ​ទៅប្រើ​ប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​ហាមឃាត់ ហើយ​ត្រូវ​ប្រើប្រាស់​ដី​នេះ​ដាំ​ដំណាំ​ផ្សេងៗ ជា​បន្តា​បន្ទាប់​ឱ្យ​គ្រប់​រយៈពេល ៥​ឆ្នាំ​ទើប​អាចមាន​សិទ្ធ​យក​ដី​នេះ​ទៅ​លក់ដូរ ជួល ផ្ទេរ ឫ​បញ្ចាំ​ធានា​គារ​បាន​។​

​ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ក៍បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវអនុវត្ត​តាមច្បាប់ លិខិតបទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន ព្រមទាំង​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធិភាព និង​មាន​មនសិការ​ទទួលខុសត្រូវ​ខ្ពស់ ការពារ​កុំ​ឱ្យមាន​ការចូល​កាន់កា​ប់​ទន្ទ្រាន​ដី​រដ្ឋ បោះបង្គោល​លើដី​រដ្ឋ​ថ្មីៗ ត្រូវ​ហាមឃាត់ ជាដាច់ខាត ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​ធម្មជាតិ របស់​ប្រទេសជាតិ​ឱ្យមាន​ចីរភាព ត​ជំនាន់​ទៅ​អនាគត​។​

​ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​ក្រុមការងារ​នៃ​គណៈកម្មាធិការ​បែងចែក និង​ប្រើប្រាស់​ដី​ខេត្ត ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត ប្រកបដោយ​ស្មា​តី​លះបង់​ខ្ពស់ ក្នុងការ​រៀបចំ​កិច្ចដំណើរការ នៃ​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ទៅតាម​ជំ​ហ៊ាន​ការងារ រួមមាន​៖ ការរៀបចំ​ធ្វើ​ផ្លូវ ទទឹង​៣០​ម៉ែត្រ និង​ផ្លូវ​ទទឹង​១៥​ម៉ែត្រ រៀបចំ​បោះបង្គោល​ព្រំដី​កសិកម្ម រៀបចំ​ផ្ទៀងផ្ទាត់​មុខសញ្ញា​អ្នកទទួល​ដី​សរុប​ចំនួន ១០៤៥​គ្រួសារ រៀបចំ​ធ្វើ​ពិធី​ចាប់ឆ្នោត ប្រគល់​ដី​ឡូ​តិ៍ក​សិ​កម្ម​ចំនួន​៩៩​ឡូ​តិ៍ ស្មើ​និង​១៩៨​ហិកតា ចំពោះ​បងប្អូន​ដែល​មិនទាន់​ទទួលបាន​នៅថ្ងៃនេះ និង​បានទទួល​នៅ​ថ្ងៃក្រោយ​បន្តបន្ទាប់​ទៀត​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​)​