ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត និងប្រធានសាលាដំបូងតាកែវណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ត្រូវរួមសហការដោះស្រាយសំណុំរឿងដែលមិនទាន់បានបញ្ចប់ ពិសេសអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធច្បាប់

(តាកែវ)៖ បន្ទាប់ពីក្រសួងយុត្តិធម៌បានប្រកាស់ចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរាជធានីខេត្ត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ និងប្រធានសាលាដំបូង នៅព្រឹកថ្ងៃពុធ ទី ២០ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌ ដោយបានធ្វើការផ្សព្វផ្សាយពីយុទ្ធនាការនេះ និងបានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ចូលរួមសហការ និងត្រូវធ្វើយ៉ាងណាអនុវត្តន៍ការងាររបស់ខ្លួនឲ្យត្រឹមត្រូវទៅតាមច្បាប់ តាមរយៈការបញ្ជូនដីកាពីតុលាការ។

លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌បានចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលារាជធានីខេត្ត ដោយក្នុងនោះសម្រាប់ខេត្តតាកែវ គណៈកម្មាការរបស់ក្រសួងយុត្តិធម៌នឹងចុះមកនៅថ្ងៃទី២២ ខាងមុខនេះ ដូច្នោះដើម្បីឲ្យដំណើរការដោះស្រាយការកកស្ទះសំណុំរឿងទទួលបានជោគជ័យ គម្បីមានការសហការពីចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការរួមនិងមន្រ្តីនគបាលយុត្តិធម៌ផងដែរ។

លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវមានប្រសាសន៍ថា សំណុំរឿងនៅសាលាដំបូងភាគច្រើន មន្រ្តីនគបាលយុត្តិធម៌ជាអ្នកកសាងសំណុំរឿងបញ្ជូនមក ដូច្នោះមុននិងកសាងសំណុំរឿងបញ្ជូនមកតុលាការមន្រ្តីនគបាលយុត្តិធម៌ត្រូវធ្វើតាមនិតិវិធីច្បាប់ ពិសេសគឺអនុវត្តឲ្យបានត្រឹមត្រូវចំពោះ សំណុំរឿងដែលតុលាការ បានបញ្ជូនដីកាទៅមន្រ្តីនគរបាលយុត្តិធម៌ឲ្យចាត់ការសំណុំរឿងអ្វីមួយ ត្រូវតែអនុវត្តសំណុំរឿងនេះ ឲ្យបានលឿនរហ័ស តែឲ្យត្រឹមត្រូវតែនីតិវិធីច្បាប់។

លោកប្រធានសាលាដំបូងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងបានមានប្រសាសន៍បន្តថា ដើម្បីជៀសវាងការកកស្ទះសំណុំរឿង មន្រ្តីនគបាលយុត្តិធម៌ត្រូវតែអនុវត្តន៍ភាកិច្ចរបស់ខ្លួនទៅតាមច្បាប់ដែលបានចែង ជាពិសេសមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ត្រូវតែចូលរួមសហការជាមួយគណៈកម្មាការរបស់ក្រសួងយុត្តិធម៌ដែលចុះមកដោះស្រាយសំណុំរឿងដែលកកស្ទះនៅពេលខាងមុខនេះ ទទួលបានជោគជ័យទៅតាមការគ្រោងទុក ជាពិសេសការដោះស្រាយ ប្រកបដោយភាពត្រឹមត្រូវ លឿនឆាប់រហ័ស យុត្តិធម៌និងគ្មានអំពើពុករលួយ៕